រាជធានីភ្នំពេញ ៖ ជនអន្ធពាលម្នាក់ចិត្តសាហាវដូចខ្លាពេលកំពុងអង្គុយផឹកស៊ីឃើញយុវជនម្នាក់ជិះម៉ូតូទៅឈប់ជិតហៅឱ្យចូលផឹកស៊ីជាមួយមិនព្រម ក៏ទាញរណារអារទឹកកកកាប់ប្រហារកញ្ចឹង.កពីក្រោយទាំងកំរោលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះកម្លាំងប៉ូលិសប៉ុស្តិ៍ត្រពាំងក្រសាំងបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនអន្ធពាល និងអ្នកផឹកស៊ីជាមួយម្នាក់ទៀតបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌប៉ូលិសខណ្ឌដង្កោ ដើម្បីចាត់ការបន្ត ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ កក្កដា ឆ្នាំ២០១១ នៅចំណុចផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះទុំ សំអាន អាយុ២៣ឆ្នាំ ជាកម្មករស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រងរបួសកញ្ចឹង.កដេរជាង១០ថ្នេរ ចំណែកឯជនដៃដល់ឈ្មោះនូវ សឿន អាយុ៣០ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនដៃដល់ និងមិត្តភក្តិពីរនាក់ទៀតបានស៊ីផឹកជុំគ្នានៅមុខផ្ទះជួលកន្លែងកើតហេតុនោះ ដោយស្រែកហ៊ោកញ្រ្ជៀវយ៉ាងសប្បាយ ។ ស្របពេលនោះជនរងគ្រោះបានជិះម៉ូតូ១គ្រឿងទៅឈប់មុខផ្ទះបងស្រីធម៌នៅជិតនោះ ដើម្បីរកខ្ចីលុយ ហើយជនសង្ស័យបានហៅឱ្យចូលផឹកស៊ីជាមួយក្រុមខ្លួន ប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះមិនដែលស្គាល់គ្នាផង ។ ប្រភពដដែលបានបន្តទៀតថា ពេលហៅឱ្យចូលផឹកស៊ីមិនព្រមបានធ្វើឱ្យជននោះខឹងខ្លាំងណាស់ ហើយនៅពេលជនរងគ្រោះកំពុងឈរទទួលលុយពីបងស្រីធម៌ដោយមិនដឹងខ្លួន ជនសង្ស័យក៏បានទាញរណារអារទឹកកកកាប់ប្រហារពីក្រោយចំកញ្ចឹង.ក បណ្តាលឱ្យរងរបួសយ៉ាងដំណំ ។ ខណៈនោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់ត្រពាំងក្រសាំង បានចេញអន្តរាគមន៍ចាប់ខ្លួនជនដៃដល់បានភ្លាមៗ ព្រមទាំងអ្នកផឹកស៊ីជាមួយម្នាក់ទៀតផងដែរ ។
ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីចាត់ការបន្ត ប៉ុន្តែពុំដឹងថា អ្នកដែលគ្រាន់តែផឹកស៊ីជាមួយនោះត្រូវបានសមត្ថកិច្ចដោះលែងវិញ ឬអត់នោះទេ ព្រោះជននោះពុំមែនជាជនដៃដល់ឡើយ៕
ចែករំលែកព័តមាននេះ