ខេត្តកំពង់ស្ពឺ៖ ផ្តើមចេញពីការចោទប្រកាន់ថាចេះអំពើអាប-ធ្មប់ ធ្វើឲ្យគ្រួសារមួយរងគ្រោះដោយភាពអយុត្តិធម៌ ធ្វើទុក្ខបុកម្នេញពីមនុស្សមួយក្រុមដែលរស់នៅភូមិផង របងជាមួយ គ្រប់សព្វបែបយ៉ាង។ ធ្វើការស្នើសុំមេធាវីសម្តេចតេជោជួយស្វែងរកយុត្តិធម៌ចំពោះគ្រួសារគាត់ផង។
ជួបជាមួយអ្នកសារព័ត៌មាន លោក ហុក ខេម៉ា អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា ករណីលួចបំពុលឆ្កែងាប់ជាច្រើនក្បាល គប់ដុំថ្មដាក់ដំបូលផ្ទះ គប់លាមកចូលផ្ទះ លួចបិទប៉ារ៉ែតភ្លើង បង្កហិង្សា និងប៉ុនប៉ងមនុស្សឃាត មកលើរូបលោក បានកើតឡើងនៅក្នុងគ្រួសារលោក រងភាពអយុត្តិធម៌យ៉ាងខ្លាំងណាស់។ ជាងនេះទៅទៀតក្រុមគ្រួសារលោកបានអំពាវនាវស្នើសុំដល់មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ទទួលបានយុត្តិធម៌ឡើងវិញផង។
លោក ហុក ខេម៉ា បានរៀបរាប់ទៀតថា ក្រុមគ្រួសាររបស់លោកមានរឿងក្តីជាបន្តបន្ទាប់ ដោយផ្តើមចេញពីដំបូងលោកបានរាយការណ៍ទៅកាន់សមត្ថកិច្ចអំពីករណីមានការប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀនពីសំណាក់អ្នកភូមិរបស់លោក ប៉ុន្តែក្រោយពីបានប្តឹងដោយគ្មានការបង្ក្រាបមក ក្រុមបក្ខពួកដែលរស់ក្នុងភូមិម្នាក់ គេផ្តើមចោទប្រកាន់គ្រួសារចេះអំពើអាប-ធ្មប់ ថែមទាំងបានបង្កហិង្សាមកលើរូបគាត់ព្រមទាំងកូនៗដែលកំពុងសិក្សា(នៅរៀន)ថែមទៀតផង។
លោក ហុក ខេម៉ា បានរៀបរាប់បន្ថែមថា តាំងពីពេលនោះមក មានរឿងរ៉ាវជាច្រើនដែលលោករងភាពអយុត្តិធម៌យ៉ាងខ្លាំងនោះគឺ បក្ខពួកគ្រួសារមួយនៅក្នុងភូមិដែលកំពុងរស់នៅក្បែរគ្នាបានប៉ុនប៉ងកាប់សម្លាប់រូបលោកនៅមុខផ្ទះដោយផ្ទាល់ តែក្រោយលោកបានប្តឹងក៏ស្រាប់តែសមត្ថកិច្ចចាប់យករូបលោកទៅឃុំខ្លួនទៅវិញ ដោយអំពើអយុត្តិធម៌របស់លោកបានដាក់ពាក្យប្តឹងបន្ទាប់ តែមិនទទួលបានយុត្តិធម៌ឡើយ ។
លោក ហុក ខេម៉ា បានបញ្ជាក់ថា បន្តបន្ទាប់រហូតមកដល់ពេលនេះគ្រួសាររបស់លោកត្រូវបក្ខពួកខាងលើធ្វើទុក្ខបុកម្នេញគ្រប់សព្វបែបយ៉ាងលើក្រុមគ្រួសារលោកដូចជាករណី បិទបារ៉ែតភ្លើងលួចចូលមកបំពុលសត្វឆ្កែងាប់ជាច្រើនក្បាល ធ្វើសកម្មភាព យកថង់លាមកគប់ចូលផ្ទះ ថែមទាំងប៉ុងប៉ងប្រើហិង្សាលើកូនស្រីៗ និងប្រពន្ធរបស់លោកថែមទៀតផង។ លោកក៏បានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំនិងលោកមេភូមិ លោកមេឃុំម្តងជាពីរដងកន្លងមកតែគ្មានដំណោះស្រាយទាល់តែសោះ សូម្បីតែរឿងក្តីប៉ងធ្វើឃាតរូបលោកក៏ទទួលបានភាពអយុត្តិធម៌ដែរ ។
ជាចុងក្រោយក្រុមគ្រួសាររបស់លោក ហុក ខេម៉ា បានធ្វើការស្នើសុំមេធាវីរបស់សម្តេចតេជោ ឲ្យជួយស្វះស្វែងរកយុត្តិធម៌ដល់គ្រួសារគាត់ផង ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ នឹងដំណោះស្រាយសន្តិសុខចំពោះក្រុមគ្រួសាររបស់គាត់ ដែលត្រូវបានគេប្រមាថសព្វបែបយ៉ាងមកលើដោយគ្មានដំណោះស្រាយសោះ ទោះបីរូបគាត់ដាក់ពាក្យបណ្តឹងជាច្រើនលើករួចហើយក៏ដោយ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ