រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង៨២ករណី បណ្តាលឱ្យមានមនុស្សស្លា.ប់៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់ ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
តាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្រាប់ចន្លោះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លា.ប់១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់ ធៀបឆ្នាំ ២០២៥ ថយចុះ៣ករណី អ្នកស្លា.ប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់ ។
បើតាមលោក ទូច សុឃៈ បានលើកឡើងថា នៅពេលនិយាយពីគ្រោះថ្នាក់ចរាចរណ៍មូលហេតុនៃគ្រោះថ្នាក់ គឺជាចំណុចរសើប ។
អ្នកនាំពាក្យរងបានឱ្យដឹងថា សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត ។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥កន្លងមក មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៣០ករណី បណ្ដាលឱ្យមនុស្សស្លា.ប់ចំនួន២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់ ៕
ចែករំលែកព័តមាននេះ