ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានរាវរកឃើញសពក្នុងត្រពាំងទឹកខាងត្បូងផ្ទះចម្ងាយប្រហែល៥ ម៉ែត្រ ខណៈដែលក្មេងស្រីរូបនោះបាត់ពីផ្ទះអស់មួយយប់ បើទោះបីជាឪពុកម្ដាយបងប្អូនតាមរកគ្រប់ច្រកល្ហកនៅតែរកមិនឃើញ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានឈ្មោះកៅ វីរៈ ភេទ ប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាត់កូនចុងរបស់ខ្លួន ដែលមានឈ្មោះម៉ៅ ស្រីពេជ្រ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ខ្លួនបានដើររកតែមិនឃើញ។ ហើយក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកកូនស្រីរបស់ខ្លួនដែលបាត់នោះ។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថា លុះ១០ព្រឹកថ្ងៃទី ១៩ខែមេសា ឆ្នាំ ២០២៦ ខ្លួនបានសង្ស័យក៏បានបន្តដើររកនៅកន្លែងត្រពាំងទឹកជាប់ពីខាងត្បូងផ្ទះចំងាយប្រហែល ៥ម៉ែត្រ រួចឱ្យឈ្មោះ ស៊ុ ហឿន ភេទ ប្រុស អាយុ៤៧ឆ្នាំបានចុះរាវរកក្នុងត្រពាំងទឹកខាងលើបានប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ដឹងទៀតថា បន្ទាប់ពីរាវរកឃើញសពក្មេងស្រីអាយុ១២ឆ្នាំនគរបាលជំនាញស្រុកសំរោងទងបានធ្វើការពិនិត្យនិងវិភាគកន្លែងកើតហេតុ បានពិនិត្យធ្វើកោសល្យវិច្ច័យ លើសាកសពក្មេងស្រីខាងលើពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សាច់ញាតិនិងក្រុមគ្រួសារទទួលស្គាល់ថា សពក្មេងស្រីពិតជាបានលង់ទឹកត្រពាំងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។
ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍ នឹង លោកមេភូមិផងដែរ។បច្ចុប្បន្នសពក្មេងស្រីរងគ្រោះខាងលើនគរបាលជំនាញបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែកព័តមាននេះ