ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានខណៈដែលជនសង្ស័យខាងលើធ្វើសកម្មភាពដុតអេស្កាវ៉ាទ័រមួយគ្រឿងឆេះបង្កមានការភ្ញាក់ផ្អើល ព្រោះតែខឹងម្ចាស់យកខ្សែរចងតង់គ្របអេស្ការវ៉ាទ័កាត់ផ្លូវដែលខ្លួនជិះម៉ូតូ។
នគរបាលស្រុកឱរ៉ាល់បាននិយាយដឹងថា ករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ( ដុតអេស្ការវ៉ាទ័រ) បង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចខ្នងភ្នំយាយម៉ូម ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានបន្តឲ្យដឹងទៀតថា ករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពដុតអេស្ការវ៉ាទ័រមួយគ្រឿងម៉ាក CAT ពណ៌លឿង បណ្ដាលឲ្យឆេះរងការខូចខាត៥០ភាគរយ។
ក្រោយពីទទួលបានព័ត៌មានរួចមកកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាសាលនិងកម្លាំប្រជាការពារចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជុំវិញរឿងហេតុខាងលើនិងឈានទៅឃាត់មុខសញ្ញាសង្ស័យចំនួន ម្នាក់ដែល ឈ្មោះ ឆេ រ៉ាឆាន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។ និងដកហូតសម្ភារៈវត្ថុតាងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-2077 (មធ្យោបាយជិះធ្វើសកម្មភាព) យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ ។
នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថាក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតអេស្ការវ៉ាទ័រពិតប្រាកដមែន មូលហេតុដែលរូបគេធ្វើសកម្មភាពដុតអេស្កាវាទ័រនេះ ព្រោះតែខឹងរឿងម្ចាស់អេស្ការវ៉ាទ័រយកខ្សែចងតង់គ្របអេស្ការវ៉ាទ័កាត់ផ្លូវដែលខ្លួនជិះម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយនិងវត្ថុតាងនគរបាលបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕







ចែករំលែកព័តមាននេះ