ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​កិច្ច​ប្រជុំ​ពេញអង្គ​លើ​ក​ទី​10 នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលា​ការ​កម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​​ពេញអង្គ​​លើក​ទី១០ នៃ​សាលា​ក្តី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​សវនា​ការ​ធំ​ចាប់​ពី​ថ្ងៃ​ទី ​១ ដល់​ថ្ងៃទី៣ សីហា ។ ក្នុង​​កិច្ច​ប្រជុំ​​នេះ​មាន​វត្ត​មាន​​លោក​ចាង ហូជុង (Chang Ho Chung) ដែល​ជា​ចៅ​​ក្រម​អន្តរ​ជាតិ​របស់​​អង្គ​បុរេ​ជំនុំ​ជម្រះ​ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​នា​ពេល​ថ្មីៗ​នេះ

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​​ពេញអង្គ​​លើក​ទី១០ នៃ​សាលា​ក្តី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​សវនា​ការ​ធំ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី៣ សីហា ។ ក្នុង​​កិច្ច​ប្រជុំ​​នេះ​មាន​វត្ត​មាន​​លោក​ចាង ហូជុង (Chang Ho Chung) ដែល​ជា​ចៅ​​ក្រម​អន្តរ​ជាតិ​របស់​​អង្គ​បុរេ​ជំនុំ​ជម្រះ​ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​នា​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​​លោក​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​អគ្គ​លេខា​ធិការ​អ​ង្គ​ការ​សហ​ប្រជា​ជាតិ និង​ត្រូវ​បាន​តែង​តាំ​ង​ដោយ​ឧត្តម​ក្រុម​​ប្រឹក្សា​​នៃ​អង្គ​ចៅ​ក្រម​កម្ពុជា ។

លោក​ចាង ហូ ជុង មាន​បទ​ពិសោធន៍​វិជ្ជា​ជីវៈ​​លេច​ធ្លោ ក្នុង​នាម​​ជា​ចៅក្រម​នៅសាលា​ដំបូង (District Court) និង​តុលា​ការកំពូល​នៃ​ប្រទេស​កូរ៉េ ​ ព្រម​ទាំង​មាន​បទពិសោធន៍​បម្រើ​ការ​ងារ​​ទូត​ប្រចាំ​ស្ថាន​ទូត​កូរ៉េ​​ផង​ដែរ ។ ​ ពិធី​សច្ចា​​ប្រណិ​ធាន​ចូល​កាន់​តំណែង​​ប្រព្រឹត្ត​​ទៅ​នៅចំពោះ​មុខ​កិច្ច​ប្រជុំ​ពេញ​អង្គ បន្ទាប់​ពី​សុន្ទរកថា​​របស់​លោក​ស្រី​​​ ចៅ​ក្រម​ស៊ីល​វា ខាដ​រ៉ាយត៍ អនុ​ប្រធាន​កិច្ច​ប្រជុំ​​ពេញ​អង្គ ។

ក្នុងសុន្ទរកថា​​​បើក​កិច្ច​ប្រជុំ​បាន​បង្ហាញ​​ថា ចាប់​តាំងពី​កិច្ច​ប្រជុំ​​ពេញអង្គ​លើក​ចុង​ក្រោយ​​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១១ មក អ.វ.ត.ក បាន​ធ្វើ​​ដំណើរ​ឆ្ពោះ​ទៅ​មុខ និង​សម្រេច​បាន​សមិទ្ធ​ផល​​សំខាន់ៗ​​មួយ​ចំនួន​ធំ ។ ក្រោយ​​​ពី​ការ​បញ្ចប​់ការ​ជំនុំ​ជម្រះ​​ក្តី​លើក​​ទី១ របស់ អ.វ.ត.ក ​នៅក្នុង​សំណុំ​រឿង​កាំង ហ្កេ​ក​អ៊ាវ ​និង​ការ​ប្រកាស​សាល​ក្រម​របស់​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​កាល​ពី​ខែ​​កក្កដា ឆ្នាំ​២០១០ មក ភាគី​ពាក់ព័ន្ធ​​បាន​ដាក់​បណ្តឹង​​សាទុក្ខ​​ដែល​កំពុង​ត្រូវ​បាន​​​ពិនិត្យ​​ពិចារណា​​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​អង្គ​ជំនុំ​ជម្រះ​​តុលា​ការកំពូល ។ អង្គ​ជំនុំជម្រះ​​តុលា​ការ​កំពូល​​បាន​បើក​​សវនា​ការ​ជា​សាធារណៈ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ​ហើយ​សង្ឃឹម​ថា ​សាល​ដីកា នឹង​ត្រូវ​ប្រកាស​​ក្នុង​ពេល​ឆាប់ៗ​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន ។

បន្ទាប់​ពី​ការិយា​ល័យ​សហ​ចៅ​ក្រម​​សើុប​អង្កេត​​ចេញដីកា​ដំណោះ​ស្រាយ​ក្នុង​សំណុំ​រឿង​០០២ ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១០ ​ដោយ​អនុ​​លោម​តាម​នីតិ​វិធី​​តុលា​ការ​ ភាគី​ពាក់​ព័ន្ធ​បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​ទៅ​អង្គ​ជំនុំ​ជម្រះ ។ ​នៅ​ថ្ងៃទី​១៣ មករា ​ឆ្នាំ​២០១១ អង្គ​បុរេ​ជំនុំ​ជម្រះ​​បាន​តម្កល់​ និង​កែ ប្រែ​ដីកា​ដំណោះ​ស្រាយ​​​ត្រង់​ផ្នែក​​មួយ​ចំនួន ហើយ​ប​ន្ទាប់​​មក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​​ជម្រះ ។ ​នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្ន​ាំ​២០១១ ​អង្គ​បុរេជំនុំ​ជម្រះ​បាន​ចេញ​សាល​ដី​កា​លើ​បណ្តឹង​ឧទ្ធរណ៍​​ចំនួន​៩៤​ដោយ​បាន​​ទទួល​ស្គាល់​​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​នីតិ​វិធី ។ បណ្តឹង​​ឧទ្ធរណ៍​​ទាំង​នេះ​ត្រូវបាន​ប្តឹង​ប្រឆាំង​នឹង​សេច​ក្តី​សម្រេច​របស់​សហ​ចៅ​ក្រម​សើុប​​អង្កេត​​លើ​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​ចំនួន​​១.៧៤៧​ពាក្យ​សុំ ។ អង្គ​បុរេ​​ជំនុំ​ជម្រះ​​បាន​សម្រេច​ទទួល​យក​បណ្តឹង​ឧទ្ធរណ៍​​ទាំង​នេះ​ ហើយ​បាន​ទទួល​ស្គាល់​ឋានៈ​​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​​នៅក្នុង​សំណុំ​រឿង​០០២ ​ចំនួន​៩៨% ក្នុង​ចំណោម​​អ្នក​​ដាក់​ពាក្យ​​សុំ​ចំនួន​១.៧៤៧​​នាក់ ។ ​នា​ពេល​បច្ចុ​ប្បន្ន​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​តែ​រៀប​ចំ​ការ​ចា​ប់​ផ្តើម​​ការ​ជំនុំ​​ជម្រះ​​ក្តី​លើ​សំណុំ​រឿង​​០០២ នេះ ។ ​កាល​ពី​ថ្ងៃ​​ទី ៤ ដល់​ថ្ងៃ​ទី​៥ មេសា ឆ្នាំ ​២០១១ កន្លង​ទៅ​នេះ អង្គ​ជំនុំ​ជម្រះ​សាល​ា​ដំបូង​បាន​រៀបចំ​កិច្ច​ប្រជុំ​រៀប​ចំ​សវនា​ការ​ជា​អសាធារណៈ​មួយ ព្រម​​ទាំងសវ​នា​ការ​បឋម​ចាប់​ពីថ្ងៃទី​២៧ ដល់​ថ្ងៃ​ទី​៣០ ​មិថុនា ឆ្នាំ​២០១១ ថ្មីៗ​នេះ ។ សវនា​ការ​​បឋម​នេះ​ បាន​ដេញ​ដោល​លើ​អញ្ញត្រ​​កម្ម​ស្តីពី​បញ្ហា​នានា ​រួម​មាន​ការ​លើក​លែង​ទោស​ និង​ការ​អនុ​គ្រោះ​ទោស និង​អាជ្ញា​យុ​​កាល​ពាក់​ព័ន្ធ​នឹង​​បទល្មើស​នានា ដូច​​មាន​ចែង​នៅ​ក្នុង​​​ក្រម​ព្រហ្ម​ទណ្ឌ​​ជាតិដែល​ពាក់​ព័ន្ធ​ ។ អ.វ.ត.ក ​រំពឹង​ថា ​កា​រជំនុំ​ជម្រះ​​លើ​រឿង​ក្តី​បន្ទាប់ នឹង​ចាប់​ផ្តើម​​នៅ​​ចុង​ឆ្នាំ​នេះ​ ដែល​សំណុំ​រឿង​នេះ​នឹង​មាន​ការ​ប្រឈម​មុខ​ជាក់​ស្តែង​ ​និងបញ្ហា​​គតិ​យុត្តិ​ស្មុគ​ស្មាញ​​មួយ​ចំនួន៕