ខេត្តក្រចេះ ៖ ក្រុមឈ្មួញក្នុងស្រុកនៅតែបន្តសំរុកដើរទិញដើមពោធិ៍ ដើមជ្រៃដើម្បីនាំចេញទៅក្រៅស្រុក ជាពិសេសប្រទេសវៀតណាមដែលសព្វថ្ងៃនេះតម្លៃដើមរុក្ខជាតិទាំងនេះកំពុងតែមានតម្លៃខ្ពស់ទៅតាមដើមតូច ឬធំ ហើយប្រជាពលរដ្ឋក៏បានសម្រេចលក់ដើមឈើទាំងនេះទៅឱ្យក្រុមឈ្មួញដែលប្រមូលទិញទាំងតូចទាំងធំគ្រប់ទីកន្លែង។
មានការកត់សំគាល់ឃើញថា សព្វថ្ងៃនេះ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញត្រូវបានអសកម្ម គេឃើញក្រុមឈ្មួញមួយចំនួនបានបង្វែរមុខរបរពីដឹកឈើមកដឹកដើមពោធិ៍លក់ចេញវិញ។ មួយថ្ងៃៗនៅគ្រប់ច្រកល្ហកក្នុងខេត្ត គេឃើញឈ្មួញឈើដើរម៉ៅទិញដើមពោធិ៍យ៉ាងសកម្មពីប្រជាពលរដ្ឋ ហើយក្នុងមួយដើមៗគឺមានតម្លៃរាប់រយដុល្លារឡើងទៅដោយពួកគេប្រើសុទ្ធតែរថយន្តធំៗ និងគ្រឿងចក្រទំនើបៗមកជីកគាស់ស្ទូចដឹកយកជាបន្តបន្ទាប់។ ជាក់ស្តែងគេឃើញមានដើមពោធិ៍ធំៗចំនួនបីដើមត្រូវបានក្រុមឈ្មួញដឹកទៅលាក់ទុកនៅចំណុចព្រៃខាងក្រោយភូមិចំណុចថ្មខ្ពស់ ស្ថិតក្នុងភូមិធំ ឃុំសណ្តាន់ ស្រុក សំបូរ រង់ចាំឱកាសល្អដើម្បីដឹកចេញ។
គិតត្រឹមថ្ងៃទី២៩ កក្កដា កន្លងទៅនេះ គឺមានរយៈពេលជិតដប់ថ្ងៃមកហើយដែលដើមពោធិ៍ទាំងនេះបានជីកគាស់ចេញពីដីយកទៅលាក់ទុកនៅចំណុចនេះ ហើយក៏មិនមានស្ថាប័នជំនាញណាមួយចុះមកហាមឃាត់សួររកឯកសារពាក់ព័ន្ធណាមួយទេ ដែលគេសង្ស័យថា គឺប្រហែលជាត្រូវរ៉ូវគ្នាច្រើនជាង។
តាមប្រភពខ្លះនិយាយថា ដើមពោធិ៍ទាំងនេះមានមុខកាត់ធំៗណាស់ដែលគេដឹងថា មួយដើមៗគឺមានអាយុកាលជាយូរណាស់មកហើយមិនតិចពី៥០ឆ្នាំឡើងទេ ហើយក៏ត្រូវផ្តាច់អាយុរបស់វាតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះដោយសារប្រាក់ដុល្លារ។
មានប្រភពព័ត៌មានមួយបានបង្ហើបថា ថៅកែដើរទិញដើមពោធិ៍ទាំងនេះត្រូវបានគេស្គាល់ថា ជាថៅកែស្រីម្នាក់ដំណើររលាស់ឈ្មោះដុំ គន្ធា ហៅស្រីល័ក្ខ អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ស្ត្រីរូបនេះគេស្គាល់ថា ជាថៅកែដើរទិញដើមពោធិ៍ ដើមរាំងធំៗនៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តកំពង់ចាម ហើយកន្លងមកតែងតែយកឈ្មោះថ្នាក់ដឹកនាំមានអំណាចមួយចំនួនមកប្រើដើម្បីដឹកឈើទាំងនេះចេញទៅវៀតណាម។
មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះបាននិយាយថា មន្ត្រីជំនាញ នឹងចុះទៅពិនិត្យមើលដល់ទីតាំងនោះដើម្បីពិនិត្យមើលរកឯកសារដឹកជញ្ជូន និងរាយការណ៍បន្តទៅថ្នាក់លើដើម្បីមានវិធានការដែលគេសង្ស័យថា ប្រហែលបានត្រឹមតែនិយាយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ