ខេត្តក្រចេះ ៖ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ដែលលួចប្រើប្រាស់ក្នុងរដូវបិទនេសាទក្រោយពីបានរុះរើ និងចាប់រឹបអូសបានរយៈពេលបីថ្ងៃ បន្តបន្ទាប់នៅកន្លែងផ្សេងគ្នាក្នុងដែនខណ្ឌរដ្ឋបាលជលផលខេត្ត។
ការដុតបំផ្លាញនូវឧបករណ៍នេសាទដែល បានមកពីការចាប់រឹបអូសទាំងនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី៣០ កក្កដា នៅចំណុចមុខសា លាឃុំព្រែកសាម៉ាន់ ស្ថិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដោយមានការអញ្ជើញចូលរួមពី លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត អភិបាលរងស្រុកឆ្លូង មន្រ្តីសហគមន៍ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្តមានប្រសាសន៍ថា ឧបករណ៍នេសាទដែលដុតបំផ្លាញចោលទាំងស្រុងនៅថ្ងៃនេះមានរបាំងស្បៃមុងចំនួន៣៨របាំងស្មើនឹង៣៥០០ម៉ែត្រ លូស្បៃមុងមានចំនួន៤១គ្រឿង បង្គោលឈើ និងបង្គោលឫស្សីមានចំនួន៣៧៧ដើម តុមធ្វើអំពីឫស្សី ចំនួន៩គ្រឿង និងធ្វើពីសាច់នីឡុងចំនួន២គ្រឿង ក្នុងនោះដែរសមត្ថកិច្ចបានចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិដែលបានមកពីការចាប់រឹបអូសពីការប្រើឧបករណ៍នេសាទទាំងនេះចំនួន១១១គីឡូក្រាម។
លោកនាយរងខណ្ឌបញ្ជាក់ថា ឧបករណ៍នេសាទដែលត្រូវគណៈកម្មការដុតបំផ្លាញចោលទាំងស្រុងនាព្រឹកនោះគឺបានមកពីការចាប់រឹបអូសបាននៅតាមបឹងព្រែកមួយចំនួនក្នុងស្រុក ពីរ គឺស្រុកឆ្លូងនិងស្រុកចិត្របុរី ៕
ចែករំលែកព័តមាននេះ