ខេត្តកំពង់ចាម ៖ មនុស្សប្រុស ស្រី ជាង៥០០នាក់ មកពីអង្គភាពនានាជុំវិញខេត្ត បានហាត់សមរយៈពេល២ថ្ងៃ ដោយធ្វើឡើងនាល្ងាចថ្ងៃទី១១-១២ មេសា ឆ្នាំ២០២៦ ដោយដើរដង្ហែជាក្បួនសម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ធ្វើឡើងនាបរិវេណមុខសាលាខេត្ត ។ ជាមួយនោះ រដ្ឋបាលខេត្តក៏បានត្រៀមលៀសហាល រហូតដល់៥៥០០គីឡូក្រាម ដើម្បីទទួលឱ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីទទួលទានដោយឥតគិតថ្លៃទៀតផង ។

លោកស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តមានប្រសាសន៍ឲ្យដឹងថា ចំពោះសកម្មភាពហាត់សម ក្នុងនោះ មានសហភាពសហព័ន្ធយុវជន សមាគមនារីសមាគមន៍បញ្ញវន្តក្មេងវត្ត រួមទាំងអង្គភាពមួយចំនួនជុំវិញខេត្តដែលមានរហូតដល់ជាង៥០០នាក់ បាននាំគ្នាហាត់សមចំនួនពីថ្ងៃជាប់ៗគ្នា ។ ដោយក្នុងនោះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការីជាច្រើននាក់ បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ ធ្វើយ៉ាងណាឱ្យក្រុមទាំងនេះមានភាពស្ទាត់ជំនាញ។

អ្នកនាំពាក្យសាលាខេត្តរូបនេះបានបន្តឲ្យដឹងទៀតថា ការដង្ហែរក្បួនមានកាន់ទង់ជាតិជាច្រើនរួមមានចម្លាក់រូបសេះតំណាងឲ្យឆ្នាំមមី ត្រូវបានរៀបចំដង្ហែរក្បួនចេញពីទីតាំងត្រង់ចំណុចរង្វង់មូលមុខធនាគារខេត្តបន្តមកដល់មុខបរិវេនមុខសាលាខេត្តកំពង់ចាម ។ ដែលបានរៀបចំនៅទីលានវាលស្មៅជាមួយនឹងស្តង់តាំងពិពណ៌មកពីតាមបណ្ដាក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម ក្រៅពីនេះ ក៏មានស្តង់មកពីអង្គភាពនានាជុំវិញខេត្តវិស័យឯកជននានា ដើម្បីដាក់តាំងផលិតផលរបស់ខ្លួនឲ្យភ្ញៀវជាតិនិងអន្តរជាតិបានឃើញនិងចាប់អារម្មណ៍។

សម្រាប់សង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ គឺមានរៀបចំលៀសហាលទម្ងន់រហូតដល់៥តោនកន្លះឯណោះ ដោយមានទាំងអ្នកជំនាញធ្វើម្ហូបជាច្រើននាក់ឲ្យមកជួយផ្សំធ្វើយ៉ាងណាឱ្យលៀសហាលកំពង់ចាម កាន់តែមានរសជាតិឆ្ងាញ់សម្រាប់ពិសារមិនថា ក្មេងឬចាស់នោះទេ។

អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា រហូតដល់ល្ងាចថ្ងៃទី១៣មេសា ត្រូវបានឯកឧត្តមអភិបាលខេត្ត កាត់ខ្សែបូសម្ពោធព្រឹត្តការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កើតភាពសប្បាយរីករាយ ។ ក្រៅពីក្រុងកំពង់ចាមនៅតាមស្រុកនីមួយៗ ក៏បានរៀបចំដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ហើយមកកម្សាន្តលេង ក្នុងនោះស្រុកបាធាយ រៀបចំទទួលពងទាកូន ស្រុកជើងព្រៃទទួលនំបញ្ចុក ស្រុកព្រៃឈរ ទទួលនំអន្សម រួមទាំងស្រុកផ្សេងទៀត មានទទួលមុខម្ហូបខុសៗគ្នា ដើម្បីបង្កើតនូវភាពសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។

អ្វីដែលចាប់អារម្មណ៍នោះ គឺមានគំនូររូបភាពវីរៈយុទ្ធជនជួរមុខ ដើម្បីជាការរំលឹកគុណបំណាច់ដ៏ថ្លៃថ្លារបស់ពួកគាត់ដោយមិនអាចបំភ្លេចបាន និងចងចាំក្នុងក្រអៅបេះដូងគ្រប់ៗគ្នា ។





ចែករំលែកព័តមាននេះ