ខេត្តកំពង់ចាម ៖ ក្មេងវត្តម្នាក់ពិតជាមានជីវិតអភ័ព្វ ត្រូវបានឪពុកម្ដាយបោះបង់ចោលឱ្យមកនៅជាមួយព្រះសង្ឃក្នុងវត្តបឹងកុក ក្រុងកំពង់ចាម តាំងតែពីអាយុប្រមាណ៥ឆ្នាំ ដោយសារឪពុកពិការជើងសងខាង គ្មានលទ្ធភាពចិញ្ចឹម ។ លុះដល់អាយុ១៦ឆ្នាំ បែរជាត្រូវក្មេងពាលប្រើដាវកាប់ប្រហារបណ្ដាលឱ្យដាច់ប្រអប់ដៃឆ្វេងម្ខាងធ្លាក់លើដី និងស្រាំលលាដ៏ក្បាល របួសជាទម្ងន់ឈាមហូរស្រោចពេញខ្លួនប្រាណនៅចំណុចក្បែរទីតាំងស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ ចាម ។

ហេតុការណ៍អំពើកាប់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១យប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៦ ចំពោះជនបង្កជាក្មេងពាលនោះ គិតរហូតមកដល់រសៀលថ្ងៃដដែល មិនទាន់ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ និងចាប់ខ្លួនបាននៅឡើយ ។
យោងតាមសម្ដីសាក្សីមួយរូបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនពាលម្នាក់បានពាក់មួកហើយប្រាប់ម្ចាស់ផ្ទះថា ឈឺពោះសុំចូលបន្ទប់ទឹកបត់ជើងមួយភ្លែត គ្រានោះម្ចាស់ផ្ទះបានឱ្យចូលទៅពេលដែលចេញមកក្រៅវិញបានបន្តិច ស្រាប់តែកើតហេតុដោយជនមិនស្គាល់អត្តសញ្ញានេះ បានកាប់ប្រហារលើយុវជនម្នាក់ជាហេតុបណ្ដាលឲ្យដាច់ប្រអប់ដៃធ្លាក់លើដី ហើយឈាមហូរស្រោចពេញខ្លួនប្រាណឯជនបង្កបានរត់គេចខ្លួនបាត់។
យោងតាមសម្ដីសាក្សីបានឱ្យដឹងទៀតថា ពេលដែលយុវជនរងរបួស ហើយបានប្រឹងរត់គេចទាំងរបួសបានប្រមាណមិនដល់១០ម៉ែត្រផង គាត់ដួលទៅលើផ្លូវថ្នល់ ។ គ្រានោះ មានបុរសម្នាក់ដែលជិះម៉ូតូមកទិញបារីជក់ឃើញអាណិត ក៏បានជួយគ្រាលើកដាក់លើម៉ូតូ បន្ទាប់មកក៏មានប្រជាជនម្នាក់ទៀតស្ម័គ្រចិត្តជួយទប់ពីក្រោយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
យហេតុការណ៍កាប់ប្រហារមួយសន្ធុះធំ ក៏បានឃើញកម្លាំងសមត្ថកិច្ចមកដល់សួរនាំរកហេតុផលតែមិនមានអ្នកណាម្នាក់បានដឹងពិតប្រាកដផ្ដើមចេញមកពីអ្វីនោះទេ ។
ស្ត្រីឈ្មោះវួច ឆេង អាយុ៥៨ឆ្នាំ រស់នៅភូមិបឹងកុកទី២ បានរៀបរាប់ឲ្យដឹងថា គាត់បានមកលក់ដូរនៅវត្តបឹងកុកតាំងពីយូរមកហើយ មានពេលមួយនោះ បានឃើញបុរសម្នាក់ដែលមានជីវភាពខ្វះខាតដោយបានលែងលះជាមួយប្រពន្ធយកក្មេងប្រុសតូចអាយុ៥ឆ្នាំ (អ្នករងគ្រោះខាងលើ) មកប្រគេនដល់ព្រះចៅអធិការវត្ត ព្រោះឪពុកពិការជើងសងខាងមិនមានលទ្ធភាពចិញ្ចឹមកូន ។
មានពេលខ្លះ គាត់បានឃើញក្មេងតូចនោះបានដើរតាមព្រះសង្ឃកាត់តាមភូមិដើម្បីដាក់បាត្រលោក ។ លុះក្រោយមក ក្មេងប្រុសរូបនេះបានបួសជាសង្ឃរៀនធម៌នៅវត្តបឹងកុក ដោយហៅតាអាចារ្យក្នុងវត្តជាឪពុក ការបួសរៀនធម៌បានច្រើនឆ្នាំក្រោយមកទើបតែសឹកបានប៉ុន្មានពីរឆ្នាំប៉ុណ្ណោះ។ហើយរាល់ថ្ងៃសូម្បីទៅកង់និងម៉ូតូក៏មិនមានជិះទៀតផង។
ជាក់ស្ដែង នៅវេលាម៉ោង១០យប់ថ្ងៃទី១១ មេសា ឆ្នាំ២០២៦ យុវជនរងគ្រោះឈ្មោះខាក់មៈ បានឆុងមីនៅកន្លែងគាត់ហូបក្នុងបរិវេណវត្តរហូតដល់ព្រឹកឡើងថ្ងៃទី១២មេសា ស្រាប់តែទទួលដំណឹងថាយុវជននេះ ត្រូវបានគេកាប់ដាច់ដៃ ដោយទឹកចិត្តអាណិតអាសូរក្មេងគ្មានឪពុកម្ដាយគាត់សុខចិត្តចោលកន្លែងលក់ដូរមកជួយដេកមើលកំដរ ដូចជាកូនប្រុសរបស់ខ្លួន ក្រោយពីសឹកហើយយុវជននេះមិនបានចេញទៅណាទេគឺបានស្នាក់អាស្រ័យនៅវត្តតែម្ដង។
សមត្ថកិច្ចវិញបានប្រាប់ឲ្យដឹងថា ករណីនេះជំនាញកំពុងចុះស្រាវជ្រាវរកអត្តសញ្ញាណជនបង្កនិងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន ។ ក្រុមការងាររបស់យើងបានព្យាយាមតាមសាកសួរទៅសមត្ថកិច្ច ដើម្បីរកមូលហេតុការពិត តែមិនមានអ្នកណាម្នាក់ឆ្លើយបំភ្លឺប្រាប់នោះទេ។ចំណែកអ្នករងគ្រោះវិញក៏មិនទាន់និយាយកើតនៅឡើយដែរ ។
ចែករំលែកព័តមាននេះ