ទីក្រុងវ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) ថ្លែងថាគណៈប្រតិភូអាមេរិកកំពុងធ្វើដំណើរទៅប៉ាគីស្ថានដើម្បីចូលរួមការចរចាគ្នាដោយប្រយោលជាមួយសមភាគីអ៊ីរ៉ង់។ តាមគម្រោង ការចរចានឹងចាប់ផ្ដើមនៅថ្ងៃស្អែក។ លោកវេនថ្លែងប្រាប់អ្នកសារព័ត៌មានថាយើងត្រៀមខ្លួនចរចាគ្នា។ លោកគិតថាដំណើរការចរចានេះនឹងប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។

នៅក្នុងចំណោមសមាសភាពគណៈប្រតិភូរបស់អាមេរិកក៏មានប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូស (Steve Witkoff) និងកូនប្រសារបស់លោកត្រាំផងដែរ។ លោកវេនថ្លែងថាដូចដែលលោកត្រាំនិយាយអីចឹងគឺថាបើអ៊ីរ៉ង់ចរចាគ្នាប្រកបដោយសុឆន្ទៈ ច្បាស់ណាស់ថាយើងស្វាគមន៍ដៃ២។ បើពួកគេចង់លេងសើចជាមួយយើង ពេលនោះពួកគេនឹងយល់ច្បាស់ថាក្រុមចរចារបស់យើងមិនអាចទទួលយកបានទេ។

ហេតុនេះ លោកសង្ឃឹមថាដំណើរការចរចាគ្នានឹងប្រកបដោយភាពវិជ្ជមាន។ លោកដូណាល់ត្រាំបានផ្ដល់ការណែនាំច្បាស់ៗនៅក្នុងរឿងនេះ ហើយយើងរង់ចាំតាមដានទាំងអស់គ្នា។ គួរកត់សម្គាល់ថាការចរចាគ្នាលើកនេះធ្វើឡើងនៅក្នុងស្ថានភាពដ៏ផុយស្រួយព្រោះបទឈប់បាញ់រយៈពេល២សប្ដាហ៍នោះមានលក្ខខណ្ឌដ៏ចម្រូងចម្រាស។ គម្រោងជួបគ្នាលើកនេះជាករណីដំបូងបំផុតដែលលោកវេនចូលរួមជាមួយលោកស្ទីវវីតខូស និងកូនប្រសារបស់លោកត្រាំ។

សេតវិមានថ្លែងថាការចរចាគ្នាបានចាប់ផ្ដើមជាបណ្ដើរៗហើយ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះពោរពេញដោយភាពផុយស្រួយ។ សង្គ្រាមនៅតែបន្តនៅមជ្ឈិមបូព៌ា។ ឥឡូវនេះ មានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងបទឈប់បាញ់។ អ៊ីរ៉ង់អះអាងថាបទឈប់បាញ់នេះក៏បូកបញ្ចូលទាំងប្រទេសលីបង់ផងដែរ។ ប៉ុន្តែអាមេរិក និងអ៊ីស្រាអែលបដិសេធការអះអាងនោះ។ សូម្បីតែនៅក្នុងលក្ខខណ្ឌទាំងដប់ដែលអ៊ីរ៉ង់យកមកតថ្លៃគ្នា មានចំណុចខ្លះដែលអាមេរិកមិនគាំទ្រ។ ឧទាហរណ៍ ការដែលអ៊ីរ៉ង់ទាមទារចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាដើម៕ ប្រភព៖ ដឹហ៊ីល (The Hill) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ