ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ចេ​ណ្ណា ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​ដំឡើងគោ​រម្យ​ងារ​ជា​អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះ​រាជទាន​ដំឡើង​គោ​រម្យ​ងារ​កែវ…

រាជធានីភ្នំពេញ ៖ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះ​រាជទាន​ដំឡើង​គោ​រម្យ​ងារ​កែវ នរោត្តម ចេ​ណ្ណា ជា​អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្តម ចេ​ណ្ណា​ ។

ព្រះ​រាជ្យ​ក្រិត​តែងតាំង​នេះ​ ត្រូវ​បាន​ប្រជារាស្ត្រ​នៅ​ទូ​ទាំង​ព្រះ​នគរ​សម្តែង​នូវ​សេចក្តី​អបអរសាទរ​ជាមួយនឹង​សេចក្តី​រំភើប​រីករាយ​ចំពោះ​ដំណឹង​ដ៏​វិសេសវិសាល​មួយ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ក្រុម​ដំណើរ​ខ្មែរ​បានអោយ​ដឹង​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ចេ​ណ្ណា បាន​កសាង​គុណសម្បត្តិ​ជា​ច្រើន​លើ​វិស័យ​សិល្បៈ​វប្បធម៌ និង​មនុស្សធម៌ ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​ព្រះ​កេរ្តិ៍​នាម​នៃ​ព្រះរាជ​វង្សានុវង្ស​ខ្មែរ​ទៀត​ផង​ ។

តាំងពី​កុមារភាព អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្តម ចេ​ណ្ណា គឺជា​កុមារី​លុះ​ដោយ​គន្លង​ធម៌ ស្តាប់​ការ​អប់រំ​ទូន្មាន​ចរិយា សីលធម៌ សុជីវធម៌ តាម​ព្រះ​ដំបូន្មាន​ដ៏​ថ្លៃថ្លា​នៃ​សម្តេចក្រុមព្រះ នរោត្តម ច័​ក្រ​ព​ង្ស់​ ជា​ព្រះ​ឯ​យ្យ​កា និង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម បុប្ផា​រី ជា​ព្រះ​មាតា ព្រមទាំង​ការ​ប្រៀនប្រដៅ​ពី​អ្នក​ម្នាង ឌួ​ង ឌី​យ៉ា​ត ជា​ជីដូន​បង្កើត​ ។ 

ចំពោះ​ការ​សិក្សា​រៀនសូត្រ​វិញ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ជា​សិស្ស​ពូកែ​ឆ្លាត​ វៀងវៃ រៀន​ឆាប់​ចេះ​ចាំ​ចំណាំ​លឿន​រហ័ស​ស្ទើរតែ​គ្រប់មុខ​វិជ្ជា រហូត​អាច​អាន​សរសេរ និង​សន្ទនា​ទាំង​ទម្រង់​​ធម្មតា និង​ទម្រង់​ការទូត​បាន​ដល់​ទៅ​៥​ភាសា រួម​មាន ភាសា​ខ្មែរ ភាសា​អង់គ្លេស ភាសា​បារាំង ភាសា​ចិន និង​ភាសា​ថៃ ​។  

តាំងពី​មាន​ព្រះ​ជន្ម​៥​វស្សា​មក រាល់ពេល​ទំនេរ​ពី​ការ​សិក្សា​ចំណេះដឹង​ទូទៅ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ក៏​បាន​ឆ្លៀត​រៀន​ច្រៀង​ចម្រៀង​សម័យ និង​បុរាណ ព្រមទាំង​រៀន​រាំ​របាំ​ព្រះរាជ​ទ្រព្យ​ផង​ដែរ ​។  

ដោយ​មាន​ទេព​កោ​ល​ស្យ​ខ្ពស់​លើ​វិស័យ​សិល្បៈ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ទទួល​បានការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រហូត​អភិ​វ​ឌ្ឈ​ន៍​ខ្លួន​ក្លាយជា​តារា​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​លើក​ស្ទួយ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់ ទៅ​កាន់​ឆាក​អន្តរជាតិ​ទៀត​ផង ​។

ក្រៅពី​បម្រើ​នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ធនធាន​ថវិកា​តាម​រយៈ​ការ​រៀបចំ​កម្មវិធី​សប្បុរសធម៌​នានា តួយ៉ាង​ដូច​ជា​នៅ​ក្នុង​ពេល​ដែល​កម្ពុជា​​រង​ទុក្ខ​ពី​ការ​ឈ្លានពាន​របស់​ប្រទេសថៃ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ បាន​បង្ហាញខ្លួន​នៅ​ជំរំ​ជនភៀសសឹក​ជា​ច្រើន​លើក ដែល​ជា​ការ​ផ្តល់​កម្លាំងចិត្ត និង​ផ្តល់​ស្នាមញញឹម​ក្នុង​នាម​ជា​ខ្មែរ​ឈាម​តែ​មួយ ​។ នៅ​ក្នុងអំឡុងពេល​នោះ​ផង​ដែរ អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ក៏​បាន​បញ្ចេញ​វី​ដេ​អូ​ជា​ភាសា​ខ្មែរ ភាសា​អង់គ្លេស ភាសា​ចិន ទៅ​កាន់​ពិភពលោក​អោយ​ដឹង​អំពី​អំពើ​ឈ្លានពាន​ដ៏​គ​គ្លើ​ន​របស់​ប្រទេស​សៀម​មក​លើ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ ​អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្តម ចេ​ណ្ណា ជា​និមិត្តរូប​ដ៏​ល្អ​ថ្លៃថ្នូរ​សម្រាប់​កុមារ និង​យុវ​ជន​ខ្មែរ​ក្នុង​គំរូ​ការ​រៀនសូត្រ សីលធម៌ និង​ចរិយា​សម្បត្តិ​។ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ ក៏​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ឆ្នើម​មួយ​អង្គ ដែល​បាន​ទ្រទ្រង់​គាំពារ​ព្រះពុទ្ធ​សាសនា​យ៉ាង​សកម្ម​ផង​ដែរ​ ។

អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្តម ចេ​ណ្ណា ប្រ​សូត្រ​នៅ​ថ្ងៃអាទិត្យ ៤​រោច ខែ​ផល្គុន ឆ្នាំថោះ ត្រី​ស័ក ពុទ្ធសករាជ ២៥៥៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១២ នា​សាធារណរដ្ឋ​បារាំង ជា​ព្រះ​បុត្រី​ទី​២​នៃ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផា​រី និង​ជា​ព្រះ​នត្តា​នៃ​សម្ដេចក្រុមព្រះ នរោត្តម ច័​ក្រ​ព​ង្ស់ ហើយ​ក៏​ត្រូវជា​ព្រះ​នត្តា​នៃ​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ