ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល បើក​កិច្ចប្រជុំពិភាក្សា​លើ​ការ​ពង្រឹង គុណភាព​អប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល (NTB) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល (NTB) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល នា​រសៀល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅ​ទីស្តីការក្រសួង ដើម្បី​ពិភាក្សា​លើ​ការ​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ នៃ​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​សង្គម​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​អនាគត ​។ ប្រធានបទ​សំខាន់​ៗ​ចំនួន​៣ ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នា​ពេល​នេះ រួម​មាន​៖ ទស្សនវិស័យ​មុខរបរ និង​ការងារ​, គន្លង​អប់រំ​ថ្មី​នៅ​កម្ពុជា និង​ការ​អនុវត្ត​ការ​វាយតម្លៃ​ការ​ធ្វើតេស្ដ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) និង​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ (SSC) ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈកម្មាធិការ រហូត​ដល់​ទទួល​បាន​លទ្ធផល​ជាទី​មោ​ទ​នៈ ដោយ​ឯកឧត្តម​មាន​ប្រសាសន៍​ថា ប្រធានបទ​ទាំង​បី​នេះ​គឺ​សុទ្ធតែ​សំខាន់​ដែល​ក្រសួង​បាន​ធ្វើការ​បោះពុម្ពផ្សាយ​កន្លង​មក​ហើយ​ដែរ ហើយ​សង្ឃឹមថា អង្គប្រជុំ​នៅ​ពេល​នេះ​នឹង​ផ្តល់​ជា​ធាតុ​ចូល​បន្ថែម​ទៀត​ដើម្បី​ពង្រឹងគុណភាព និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ទស្សនវិស័យ​មុខរបរ​និង​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ជា​ប្រយោជន៍​ដល់​ក្រសួង​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​ពី​ចំណុច​នៃ​តម្រូវការ​ទីផ្សារ គម្លាត​ជំនាញ និង​ការ​បែងចែក​តួនាទី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាដើម ​។

ដើម្បី​ជួយ​តម្រង់​ទិស​សិក្សា​ដល់​សិស្សានុសិស្ស​ចាប់ពី​កម្រិត​អនុ​វិទ្យាល័យ​ទៅ ឯកឧត្តម ហេង សួរ បញ្ជាក់​ពី​គម្រោងការ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នៃ​កម្មវិធី «​គន្លង​អប់រំ​ថ្មី​» សម្រាប់​ឆ្នាំ​សិក្សា​២០២៦-២០២៧ លើ​មុខ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សំខាន់​ៗ​ចំនួន​២១ នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស សួន​ឧស្សាហកម្ម និង​វិទ្យាល័យ ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​។ កម្មវិធី​នេះ​នឹង​ត្រូវ​អនុវត្ត​ដាច់​ដោយឡែក​ពី​គ្នា​យ៉ាង​ច្បាស់លាស់​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួង​ការងារ ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ហើយ​លទ្ធផល​នៃ​ការ​អនុវត្ត​សា​ល្បង​នេះ​នឹង​ក្លាយទៅជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អនុវត្ត​បន្ត​នា​ពេល​ក្រោយ​ទៀត​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ចំពោះ RPL វិញ​គឺជា​កម្មវិធី​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ការងារ​កំពុង​តែ​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​ផ្ដល់​ការ​ធ្វើតេស្ត​ទទួលស្គាល់​សមត្ថភាព​ជំនាញ ក្នុង​វិស័យ​សំណង់​ចំនួន ៨​មុខ ជូន​ដល់​អ​តី​ពលករ​មក​ពី​ថៃ​ដោយ​ឥត​គិត​ថ្លែ​ចំនួន ១​ម៉ឺន​នាក់​ក្នុង​ជំហាន​ទី ១ ដើម្បី​ឱ្យ​ពួក​គាត់​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ក្នុងស្រុក​ផង និង​នៅ​ក្រៅប្រទេស​ផង ដូច​ជា​នៅ​សិង្ហ​បុរី ដែល​កំពុង​តែ​ត្រូវការ​កម្លាំង​កម្មករ​ជំនាញ​ផ្នែក​សំណង់ ​។

ឯកឧត្តម​បាន​ចាត់​ទុក RPL គឺ​ដើម្បី​ប្រែក្លាយ​ពី «​សញ្ញា​ឃើញ​» ទៅ​ជា​វិញ្ញាបនបត្រ​ជា​ផ្លូវការ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស បង្កើន​ផលិតភាព​និង​ភាព​ប្រកួតប្រជែង និង​ជួយ​អតីត​ពលករ​រក​ការងារ​ល្អ​និង​មាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់ ​។

ទន្ទឹម​នេះ ឯកឧត្តម ហេង សួរ បាន​ជំរុញ​ឱ្យ​មានការ​ចូលរួម​ផ្សព្វផ្សាយ​ ពី​ចុះ​ឈ្មោះ​ចូល​រៀន​កម្មវិធី TVET ក៏​ដូច​ជា​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី RPL ព្រមទាំង​ជំរុញ​ឱ្យ​សមាជិក សមាជិកា NTB បន្ត​បេសកកម្ម​ដ៏​ចាំបាច់​នេះ ដើម្បី​សម្រេច​គោលដៅ​ដែល​បាន​រំពឹង​ទុក ​៕ អត្ថបទសហការ