រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជារងឥទ្ធិពលព្យុះទី៤ មានឈ្មោះ(ស៊ីនឡាគូ) ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាតូ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១០ មេសា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដានវិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាប ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 ។
ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ គន្លងផ្លូវដើររបស់ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូនេះ ពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ។
រូបតំណាងដោយ AI
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ។ ចំណែកនៅតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
ដោយឡែក នៅតំបន់មាត់សមុទ្រមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ ។
ក្រសួងថា យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក ។ ជាមួយគ្នានេះដែរ នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ខាងមុខនេះ សូមបងប្អូនមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕
ចែករំលែកព័តមាននេះ