ខេត្តកំពង់ស្ពឺ ៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ថាត តេងណេង និងឈ្មោះ ហ៊ួន ង៉ែត ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។
យោងតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តកំពង់ស្ពឺជុំវិញការចេញដីកាបង្គាប់ឱ្យឃុំខ្លួន ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រៅពីឃុំខ្លួនជនល្មើសចំនួន២នាក់នេះ នៅមានជនសង្ស័យប្រមាណជាង១០នាក់ទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនពាក់ព័ន្ធបទល្មើសខាងលើដែរ ។
គូររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺបានចុះអនុវត្តប្រតិបត្តិការឆែកឆេរទីតាំងទទួលផលចោរកម្ម និងចាប់ខ្លួនជនម្នាក់តាមការចង្អុលពីចោរដែលលួចរថយន្ត តែត្រូវបានប្រជាពលរដ្ឋរារាំងសកម្មភាពរបស់សមត្ថកិច្ចរហូតទៅដល់មានការផ្ទុះអាវុធ និងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធជាមួយនឹងការទទួលផលចោរកម្មនិងរារាំងសកម្មភាពរបស់សមត្ថកិច្ចដែលអនុវត្តច្បាប់ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ហើយ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្តម មីន មករា បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបើកការស៊ើបសួរលើជនត្រូវចោទទាំង២ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ។ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១១, មាត្រា ៤៩៨. មាត្រា ៤៩៥ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ។
បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ