ខេត្តក្រចេះ ៖ ប្រតិបត្តិការផ្ទេរជនជាប់ឃុំចំនួន ១០០នាក់ ពីពន្ធនាគារខេត្តក្រចេះឆ្ពោះទៅកាន់ពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបានសម្រេចជាស្ថាពរក្រោមស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ។
អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ជនជាប់ឃុំចំនួន១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារក្រចេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តមណ្ឌលគិរី ។
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អាត វាសនា អនុប្រធានពន្ធនាគារ តំណាងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្តក្រចេះ បានទទួលស្វាគមន៍ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជិន សិទ្ធិការ្យ អនុប្រធាននាយកដ្ឋានប្រតិបត្តិ ដឹកនាំកម្លាំងសហការដឹកជញ្ជូនជនជាប់ឃុំចំនួន១០០នាក់ ពីពន្ធនាគារក្រចេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ការដឹកជញ្ជូនជនជាប់ឃុំពីពន្ធនាគារខេត្តក្រចេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅដោយរលូន ធានាបាននូវសុវត្ថិភាពទាំងស្រុង ទាំងចំពោះមន្ត្រីអនុវត្តច្បាប់ និងជនជាប់ឃុំខ្លួនឯង ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ ៕

ចែករំលែកព័តមាននេះ