ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ITI និង​ក្រុមហ៊ុន​ ដាយ​គី​ន អ៊ែរខនឌីសិននីង សហការ​គ្នា ដោយ​ទំនុកចិត្ត​ ដើម្បីពង្រឹងគុណភាព​ បណ្តុះបណ្តាល​ស្តង់ដា​ សមត្ថភាព​ជាតិនិង​អន្តរជាតិ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម UENO Atsushi…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ “​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ម៉ាស៊ីនត្រជាក់ ដាយ​គី​ន ដូ​ចូ (DAIKIN DOJO TRAINING CENTER)” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០២៦ ​។​ ​សមិទ្ធផល​ថ្មី​នេះ​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​សំខាន់ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) ឱ្យ​ឈាន​ដល់​កម្រិត​អន្តរជាតិ​តាម​រយៈ​ស្តង់ដា​បណ្តុះបណ្តាល​ដាយ​គី​ន​ជប៉ុន​ដល់​យុវជន​កម្ពុជា​។ ទន្ទឹម​នេះ​ជា​ការ​បង្ហាញ​នូវ​គំរូ​ដ៏​ល្អ​ប្រកបដោយ​សុច្ឆន្ទៈ​នៃ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម UENO ដែល​ជា​ជើងឯក​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជា​ច្រើន​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​នោះ​រួម​មាន​ទាំង​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ពី​ជម្លោះព្រំដែន​។ ការ​រួមចំណែក​នេះ​បាន​ពង្រឹង​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ និង​កា​រត​ភ្ជាប់​ត​ជំនាន់​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន Daikin Airconditioning(Cambodia)Co.,Ltd និង​បាន​ចាត់​ទុក​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ ជា​ការ​ចាំបាច់​នៃ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ និង​ទាន់​ពេលវេលា​ទៅ​តាម​តម្រូវការ​ទីផ្សារ ហើយ​ស្រប​ជាមួយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ផ្សេង​ៗ​របស់​ក្រសួង ជា​ពិសេស​កម្មវិធី TVET ១,៥ លាន​នាក់ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា តាម​រយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Daikin កម្ពុជា​កំពុង​បញ្ចូល​នវានុវត្តន៍​ជប៉ុន និង “​ស្តង់ដា​មាស​” នៃ​គុណភាព​ជប៉ុន​ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ព្រោះ​ក្រុមហ៊ុន​មិន​ត្រឹមតែ​ជំនាញ​លើ​ម៉ាស៊ីនត្រជាក់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ឈានមុខ​គេ​លំដាប់​ពិភពលោក​ក្នុង​ដំណោះស្រាយ​និរន្តរភាព​បរិស្ថាន ដែល​ក្នុង​នោះ​ប្រព័ន្ធ​កម្ដៅ ខ្យល់​ចេញចូល ម៉ាស៊ីនត្រជាក់ គឺជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា​របស់​ខ្លួន ​។

ការ​ចាត់​ទុក​ភាព​ជា​ដៃគូ​នេះ​ថា​ជា​ភាព «​ឈ្នះ ឈ្នះ​» នៃ​ភាគី​ទាំងអស់ ឯកឧត្តម ហេង សួរ បាន​សង្កត់ធ្ងន់​ថា ការ​ចូលរួម​ពី​ក្រុមហ៊ុន Daikin នឹង​ធ្វើ​ឱ្យ​សិស្ស​កម្ពុជា​ទទួល​បាន​បទ​ពិសោធ​កាន់តែ​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ កាលពីមុន សិស្ស​បាន​អនុវត្ត​នៅ​ក្នុង​រោង​ជាង​ប៉ុណ្ណោះ តែ​ឥឡូវនេះ ដោយ​មានការ​ប្តេជ្ញា​ចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង សិស្ស​មិន​ត្រឹមតែ​រៀន​ទ្រឹស្តី​នៅ​ក្នុង​រោង​ជាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុវត្ត​ចំណេះដឹង ជំនាញ​ជាក់ស្តែង​ក្នុង​ដំណើរការ​ផលិតកម្ម​ឧស្សាហកម្ម​ពិតប្រាកដ​។ វិទ្យាស្ថាន ITI កំពុង​ប្រែ​ក្លាយជា​ស្ថាប័ន TVET ឈានមុខ​សម្រាប់​ការ​បណ្តុះបណ្តាល​ផ្នែក​ម៉ាស៊ីនត្រជាក់ និង​ជា​ច្រកចូល​ដែល​បំប្លែង​«​ក្តី​សុបិន​»​របស់​យុវជន​កម្ពុជា​ឱ្យ​ក្លាយជា​ការ​ពិត និង​បំប្លែង​គោលដៅ​អាជីព​ឱ្យ​ក្លាយជា​ការ​វិនិយោគ​យូរអង្វែង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​និស្សិត​នៅ​វិទ្យាស្ថាន​នេះ យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បណ្តុះបណ្តាល​តាម​រយៈ​កម្មវិធី​គ្រូ​ជំនាញ​របស់​ក្រុមហ៊ុន ដែល​ជា​ឱកាស​សម្រាប់ «​រៀន​ផង ធ្វើការ​ផង​» និង​ស្វែងរក​ឱកាស​ការងារ​កាន់តែ​ប្រសើរ​ទាំង​នៅ​ក្រុមហ៊ុន Daikin នៅ​ជប៉ុន ឬ​នៅ​ប្រទេស​ផ្សេង​ទៀត​ជាមួយនឹង​ប្រាក់​ឈ្នួល​ខ្ពស់​។ លើស​ពី​នេះ វិទ្យាស្ថាន ITI ក៏​ត្រូវ​បន្ត​ពង្រីក​ភាព​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Daikin ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​បន្ថែម​ទៀត​ ។

ឯកឧត្តម UENO បាន​លើក​ឡើង​ថា ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ខ្ពស់ និង​ថាមពល​ប្រកបដោយ​និរន្តរភាព​ផង​នោះ​, ដំណោះស្រាយ​ថាមពល​គឺ​មាន​តម្រូវការ​ខ្ពស់​ជាង​ពេល​មុន​។ តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ស្តង់ដា​អន្តរជាតិ​លើ​ផ្នែក​ម៉ាស៊ីនត្រជាក់ ការ​ដំឡើង និង​ថែទាំ​ពី​ក្រុមហ៊ុន Daikin នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​កម្ពុជា​ជាមួយនឹង​ជំនាញ​ឯកទេស និង​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​នៃ​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ជប៉ុន​ឈានមុខ​គេ និង​រាជរដ្ឋាភិបាល ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Daikin និង​វិទ្យាស្ថាន ITI បាន​ចុះ MoU នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញការ​ដំឡើង និង​ថែទាំ​ម៉ាស៊ីនត្រជាក់​កម្រិត​ខ្ពស់​ដល់​និស្សិត​កម្ពុជា ជាមួយនឹង​ការ​វិនិយោគ​សម្រាប់​ឧបករណ៍​ទំនើប ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ចំនួន​គ្រូបង្វឹក​ទៅ​ដល់ ១០​នាក់​នៅ​ឆ្នាំ​២០២៩ ​។ ចាប់ពី​ឆ្នាំ២០២៤​ មក ក្រុមហ៊ុន​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាង ១ ៨០០​នាក់​ហើយ ដែល​រួម​មាន​ទាំង​អ្នកបច្ចេកទេស សិស្ស និង​គ្រូ TVET ផង​ដែរ​ ៕ អត្ថបទសហការ