រាជធានីភ្នំពេញ ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការត្រីមាសទី១ឆ្នាំ២០២៦អង្គភាព បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១១.៨៣៨គ្រាប់ និងឆ្លើយតបនូវតម្រូវការអន្តរាគមន៍បន្ទាន់ៗ(EOD Calls)របស់ប្រជាពលរដ្ឋបានចំនួន១.៩៧៧ករណី ។

យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ឯកឧត្តមបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំត្រីមាសទី១ (មករា-មីនា) ឆ្នាំ២០២៦ និងពិនិត្យដាក់ផែនការបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៦ ។

ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេល៣ខែត្រីមាសទី១ (មករា-មីនា) ឆ្នាំ២០២៦នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានជាង៤,០០០ហិកតា ស្រាវជ្រាវព័ត៌មាននិងដាក់កំណត់ទីតាំងចម្ការគ្រាប់សំណល់យុទ្ធភណ្ឌសៀមឈ្លានពានសម្រេចបានចំនួន៣៣២ភូមិ(លើ៣៤៨ភូមិ) ដោយបានកំណត់ប្លង់ចម្ការគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម មានចំនួនជាង៥.៣០០ពហុកោណ (polygons) មានផ្ទៃសរុបជាង៣.៦០០គីឡូម៉ែត្រក្រឡា និងផ្តល់ការផ្សព្វផ្សាយអប់រំដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមបានជាង២០ម៉ឺននាក់ ។

ឯកឧត្តមបានបញ្ជាក់ថា «ក្នុងកិច្ចប្រតិបត្តិការត្រីមាសទី១ឆ្នាំ២០២៦ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១១.៨៣៨គ្រាប់ និងឆ្លើយតបនូវតម្រូវការអន្តរាគមន៍បន្ទាន់ៗ(EOD Calls)របស់ប្រជាពលរដ្ឋបានចំនួន ១.៩៧៧ករណី» ។
ឯកឧត្តមបានបន្ថែមថា ក្នុងរយ:ពេល៣ខែកន្លងមកនេះ អង្គភាពក៏បានបន្តពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងក្នុងសកលលោកលើសកម្មភាពកម្ចាត់មីនជាពិសេសលើមូលដ្ឋានផ្លាស់ប្តូរបទពិសោធន៍។

ជាមួយគ្នានោះដែរ ឯកឧត្តមបានឲ្យដឹងថា តាមរយ:សមិទ្ធផលសម្រេចបាននេះ ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនជាង៣៥៦.០០០គ្រួសារ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រើប្រាស់ដីធ្លីសម្រាប់បង្កបង្កើនផលសាងសង់លំនៅឋាន និងបម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ដូចជាវត្តអារាម មណ្ឌលសុខភាព និងសាលារៀនប្រកបដោយសុវត្ថិភាព និងក្តីសង្ឃឹមសម្រាប់អនាគតរុងរឿង ៕




ចែករំលែកព័តមាននេះ