ទីក្រុងឡុង៖ អង់គ្លេសបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅទប់ស្កាត់លទ្ធ ភាពនៃការវាយប្រ ហារមកលើបណ្ដាញខ្សែកាបក្រោមសមុទ្រ និងបំពង់បង្ហូរប្រេងរបស់ខ្លួននៅពេលនាវាមុជទឹករបស់រុស្ស៊ីជាច្រើនគ្រឿងបានបើកបររាតត្បាតពាសពេញដែនសមុទ្រសមុទ្រអង់គ្លេសអស់រយៈពេលជាង១ខែនៅដើមឆ្នាំ២០២៦។ ខាងលើនេះជាការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកចន ហ៊ាលី (John Healey)។

អង់គ្លេសចោទប្រកាន់ថាឆ្លៀតឱកាសដែលពិភពលោកកំពុងចាប់អារម្មណ៍នឹងព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា រុស្ស៊ីព្យាយាមបើកប្រតិបត្តិការសម្ងាត់នៅដែនសមុទ្រហាយ ណស់ (High North)។ ទីនេះជាច្រកផ្លូវសំខាន់សម្រាប់កប៉ាល់ឆ្លងកាត់ និងក៏ជាទីតាំងដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាខ្សែក្រាបបាតសមុទ្រជាដើម។ លោកហ៊ាលីថ្លែងថាយោធាអង់គ្លេស និងក្រុមសម្ព័ន្ធមិត្តរួមទាំងប្រទេសន័វេផងដែរបានចាប់រលកសញ្ញាបាន និងទប់ស្កាត់សកម្មភាពបង្កគ្រោះថ្នាក់របស់នាវាចម្បាំងរុស្ស៊ី។ លោកថ្លែងបន្តទៀតថានាវាមុជទឹករបស់រុស្ស៊ីបានចាកចេញពីសមុទ្រនោះហើយ។ ម៉្យាងទៀត ហេដ្ឋារចនាសម្ព័ន្ធនៅបាតសមុទ្រនោះក៏មិនបានរងការខូចខាតអ្វីដែរ។

លោកហ៊ាលីបានប្រកាសអំពីបញ្ហានេះជាចំហនៅក្នុងសន្និសីទសារព័ត៌មានដើម្បីពញ្ញាក់អារម្មណ៍លោកពូទីនថាសកម្មភាពសម្ងាត់របស់ក្រុមគាត់ត្រូវបានបកអាក្រាត។ លោកហ៊ាលីថ្លែងថាសូមផ្ដាំទៅលោកពូទីនថាយើងបានឃើញក្រុមរបស់លោកហើយ។ យើងឃើញសកម្មភាពរបស់ពួកលោកនៅក្បែរប្រព័ន្ធខ្សែកាប និងបំពង់បង្ហូរប្រេងរបស់យើង។ លោកត្រូវដឹងថារាល់ការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់យើងនឹងមិនត្រូវអត់ឱនជាដាច់ខាត ហើយនឹងទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

លោកហ៊ាលីថ្លែងថាប្រតិបត្តិការរបស់រុស្ស៊ីនោះប្រើប្រាស់នាវាមុជទឹកពិឃាតមួយគ្រឿងម៉ាកអាគូឡា (Akula) និងនាវា២គ្រឿងសម្រាប់ដឹកអ្នកឯកទេសពី «អគ្គនាយកដ្ឋានស្រាវជ្រាវនៅបាតសមុទ្រជ្រៅៗ»។ លោកហ៊ាលីអះអាងថានាវាទាំងនោះផលិតឡើងសម្រាប់ស្ទង់មើលស្ថានភាពនៅបាតសមុទ្រទុកឱ្យហើយនៅពេលមិនទាន់ប្រទាំងប្រទើសគ្នា។ លុះពេលកើតមានសង្គ្រាម ពួកគេនឹងចេញប្រតិបត្តិការកម្ទេចទីតាំងទាំងនោះតែម្ដង៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ