រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាភរិយាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសារយ៉ាងមានអត្ថន័យ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីផ្ដល់កម្លាំងចិត្តដល់កងកម្លាំងជួរមុខ ។
ជាក់ស្តែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់កម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាថ្ងៃទី៩ ខែមេសានេះថា ៖ សូមអរគុណប្អូនប្រុស សូមឲ្យប្អូន និងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព បងៗ និងប្រជាពលរដ្ឋ ដែលនៅខាងក្រោយ បន្តផ្តល់កម្លាំងចិត្ត ជូនដល់បងប្អូនកងកម្លាំងនៅជួរមុខទាំងអស់ ។ បន្ថែមពីនេះទៀត លោកជំទាវទីមួយរបស់កម្ពុជា បានបន្តថា បងជឿជាក់ថា យើង និងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា ៖ សំបុត្រនេះ គឺជាការផ្ដួចផ្ដើមដោយបេះដូងរបស់យុទ្ធជនឈ្មោះ វី រស្មី ដែលជាទាហានការពារព្រំដែនឈរជើងនៅតំបន់ជួរមុខ ។ នៅក្នុងសំបុត្រ រស្មីបានសម្ដែងនូវក្ដីគោរពស្រលាញ់ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងនៅជួរមុខ តាមរយៈការផ្ដល់ជំនួយ និងកម្លាំងចិត្តមិនដែលដាច់ ។
ជាក់ស្តែងយោងតាមការបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់យុទ្ធជនម្នាក់ដែលជាទាហានការពារព្រំដែនបានបង្ហោះថា ៖ ខ្ញុំបាទ ឈ្មោះ វី រស្មី ជាទាហានដែរកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រពីបងស្រី ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើប ក្តុកក្តួលខ្លាំងណាស់បងស្រី ។
យុទ្ធជនបានបន្តថា ខ្ញុំសូមអរគុណ និងសូមគោរពជូនពរបងស្រី និងសម្តេច ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ អោយជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្ភអី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ