រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះ និងស៊ែរតៗគ្នា នូវរូបភាពវីដេអូ កូនប្រុសម្ចាស់បុរីទួលសង្កែ ឈ្មោះ គង់ វុទ្ធី ប្រើហិង្សាលើប្រពន្ធ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺថា ករណីហិង្សានេះបានកើតឡើងតាំងពីឆ្នាំ២០២៥ មកម្ល៉េះ និងកំពុងស្ថិតក្នុងការអនុវត្តន៍តាមនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានអោយដឹងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផ្សព្វផ្សាយខ្លឹមសារ បែកធ្លាយរូបភាព «កូនប្រុសម្ចាស់បុរីទួលសង្កែ ឈ្មោះ គង់ វុទ្ធី ប្រើហិង្សាលើប្រពន្ធ» ។ ក្រោយពីឃើញការផ្សព្វផ្សាយដូចខ្លឹមសារខាងលើរួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវចំពោះការផ្សព្វផ្សាយករណីខាងលើនេះ ។ ដោយហេតុការណ៍នេះកើតឡើងអំឡុងឆ្នាំ២០២៥ ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ។ ស្ត្រីរងគ្រោះ បានទៅពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
បច្ចុប្បន្ន ករណីហិង្សាខាងលើកំពុងស្ថិតក្នុងការអនុវត្តន៍តាមនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ៕




ចែករំលែកព័តមាននេះ