ទីក្រុងយេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ នៅថ្ងៃនេះប្រកាសច្បាស់ៗថាលោកនឹងមិនបិទបញ្ចប់ការវាយប្រហារទៅលើក្រុមហេសបូឡានៅប្រទេសលីបង់ត្រឹមនេះទេ។ នៅក្នុងករណីចាំបាច់ អ៊ីស្រាអែលត្រូវតែបន្តវាយប្រហារទៀត។ លោកថ្លែងដូច្នេះមួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែលវាយប្រហារដ៏ខ្លាំងក្លាបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីចុងខែកុម្ភៈ។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាយើងនឹងបន្តវាយប្រហារក្រុមហេសបូឡាដោយកម្លាំង, ដោយភាពចំគោលដៅល្អ និងដោយការប្ដេជ្ញាចិត្ត។

ណឺតាន់យ៉ាហ៊ូសរសេររៀបរាប់បន្តទៀតថា «យើងសូមផ្ញើសារច្បាស់ៗទៅពួកគេថានរណាក៏ដោយដែលហ៊ានធ្វើសកម្មភាពប្រឆាំងជនស៊ីវិលអ៊ីស្រាអែល យើងនឹងវាយប្រហារគ្មានរើសមុខទេ។ យើងនឹងបន្តវាយក្រុមហេសបូឡានៅក្នុងករណីចាំបាច់រហូតដល់យើងអាចស្ដារបានសន្តិសុខជូនប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង»។ យោធាអ៊ីស្រាអែលថ្លែងថាខ្លួនបន្តបើកប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ភាគខាងត្បូង។

នៅក្នុងសេចក្ដីប្រកាសដាច់ដោយឡែកមួយទៀត យោធាអ៊ីស្រាអែលអះអាងថាខ្លួនវាយប្រហារកាលពីយប់មិញទៅលើច្រកព្រំដែនចំនួន២ដែលក្រុមហេសបូឡាប្រើប្រាស់ឆ្លងកាត់ពីភាគខាងជើងទៅភាគខាងត្បូងទន្លេលីតានី (Litani) នៃប្រទេសលីបង់ដើម្បីដឹកជញ្ជូនអាវុធ គ្រាប់រ៉ុកកែត និងជើងទម្រសម្រាប់បាញ់។ អ៊ីស្រាអែលអះអាងបន្តទៀតថាខ្លួនវាយប្រហារឃ្លាំងអាវុធដប់កន្លែង វាយប្រហារទីតាំងដាក់ពង្រាយជើងទម្រ និងវាយប្រហារបញ្ជាការដ្ឋានយោធាជាច្រើនរបស់ក្រុមហាម៉ាស់។

ក្រសួងសុខាភិបាលលីបង់ប្រកាសថាការវាយប្រហាររបស់អ៊ីស្រាអែលនោះបានសម្លាប់មនុស្សជាង២រយនាក់ និងរបួសជាង១ពាន់នាក់។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលីបង់បានយកថ្ងៃនេះជាទិវាកាន់មរណទុក្ខដ៏ក្រៀមក្រំជូនចំពោះអ្វីដែលលោកក្រុមទុក្ករបុគ្គល។ ស្ថាប័នរបស់រដ្ឋត្រូវផ្អាកធ្វើការ ហើយត្រូវបង្ហូតទង់ជាតិចុះមកនៅត្រឹមពាក់កណ្ដាលដង។ កន្លងផុតទៅជាច្រើនម៉ោង ក្រុមហេសបូឡាប្រកាសថាខ្លួនបានបាញ់រ៉ុកកែតជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែលដើម្បីឆ្លើយតបទៅអ្វីដែលខ្លួនហៅថាជាទង្វើរំលោភបទឈប់បាញ់ពីសំណាក់អ៊ីស្រាអែល៕ ប្រភព៖ អាល់អារ៉ាប៊ីយ៉ា (Al Arabiya) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ