រាជធានីភ្នំពេញ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូ២គ្រឿងចេញដើរធ្វើសកម្មភាពលួចម៉ូតូ លុះពេលទៅដល់ត្រង់ចំណុចមុខផ្ទះជួលមួយកន្លែង ឃើញម៉ូតូ១គ្រឿងអត់ឃើញម្ចាស់នៅក្បែរ ក៏បាននាំគ្នាលួចអូសយកចេញពីមុខផ្ទះជួលខាងលើ ។ ខណៈនោះប្រុងបញ្ឆេះជិះចេញគេចខ្លួនទៅហើយ ស្រាប់តែម្ចាស់ម៉ូតូមើលពីក្នុងផ្ទះមកឃើញ ក៏ស្រែកថាចោៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលកំពុងល្បាតនៅជិតនោះ ជួយដេញតាមឃាត់បាន២នាក់ ចំណែកម្នាក់ទៀតគេចខ្លួនរួច ។
ហេតុករណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្ទះជួលមួយកន្លែង នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១/ឈ្មោះ អោប សុភ័ក្ត្រា ហៅ លេៗ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី២/ឈ្មោះ ឯក លីហួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង០២នាក់នេះមានសារធាតុញៀន និងមានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៣/មានរហស្សនាម អាកង្កែប អាយុប្រមាណ១៥ឆ្នាំប៉ុណ្ណោះ បានជិះម៉ូតូ១គ្រឿងម៉ាកHONDA TODAY ពណ៌ផ្កាឈូក មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។
នគរដកហូតយកបានម៉ូតូ១គ្រឿងម៉ាកHonda Cub C50 ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ1AN-2068 លេខតួនិងលេខម៉ាកស៊ីន100444 ដែលជនសង្ស័យជិះដើរធ្វើសកម្មភាព ។ និងម៉ូតូ១គ្រឿងទៀត ម៉ាកHonda Dream C125 ផលិតឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1D-8917 (ម៉ូតូចាស់) ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ឈន់ អូន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅផ្ទះជួល កើតហេតុខាងលើ ។
នគរបាលបានប្រាប់ថា នៅវេលាព្រឹកថ្ងៃកើតហេតុបុរសជាជាងកញ្ចក់រូបនោះបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះជួលនោះ ដោយមិនបានចាក់សោ ក ត្រឹមត្រូវនោះទេ រួចគាត់ក៏បានចូលទៅធ្វើការងារនៅក្នុងផ្ទះដូចរាល់ថ្ងៃដែរ ។ រហូតដល់វេលាម៉ោង១រសៀលថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យទាំង៣នាក់ខាងលើរួមមានរហស្សនាម អាកង្កែប ជិះម៉ូតូម៉ាកHONDA TODAY ។ ព្រមទាំងឈ្មោះ អោប សុភ័ក្ត្រា ហៅ លេៗ និងឈ្មោះ ឯក លីហួរ ជិះម៉ូតូម៉ាកHonda Cub C50 ឌុបគ្នាចេញដើរធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតាមផ្ទះ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះបានឃើញម៉ូតូជាងកញ្ចក់ចតទុកនៅមុខផ្ទះជួល ហើយមិនឃើញម្ចាស់ និងស្ងាត់គ្មានអ្នកដទៃទៀតនៅជិតនោះផង ក៏នាំគ្នាធ្វើសកម្មភាពលួច ដោយ
ជនសង្ស័យឈ្មោះ អោប សុភ័ក្ត្រា ហៅ លេៗ ជាអ្នកចូលទៅលួចអូសបណ្តើរម៉ូតូនោះចេញក្រៅផ្ទះ ។ ចំណែកជនសង្ស័យឈ្មោះ ឯក លីហួរ និងអាកង្កែប ជាអ្នកចាំមើលផ្លូវ ប៉ុន្តែប៉ះចំថ្ងៃស៊យត្រូវអស់លក្ខណ៍ នៅពេលបម្រុងបញ្ឆះម៉ូតូជិះចេញគេចខ្លួន ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើល ។ ខណៈនោះសង្ស័យទាំង៣នាក់ ក៏បានទុកម៉ូតូដែលលួចបាននោះគេចខ្លួន ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ក្រោមបញ្ជាលោកវរសេនីយ៍ឯកជឹម សុីថា កំពុងជិះម៉ូតូល្បាតនៅក្បែរនោះស្រាប់ក៏ដេញតាមជនសង្ស័យ ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា រហូតដល់ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងព្រៃស ភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ជនសង្ស័យក៏បានផ្តួលម៉ូតូចោលម៉ាកHonda Cub C50ចោលរួចព្យាយាមរត់គេចខ្លួន ។ ប៉ុន្តែរត់មិនរួចក៏ត្រូវនគរបាលឃាត់ខ្លួនបាន២នាក់គឺឈ្មោះអោប សុភ័ក្ត្រា ហៅ លេៗ និងឈ្មោះ ឯក លីហួរ ចំណែកឈ្មោះអាកង្កែប បានជិះម៉ូតូម៉ាកHONDA TODAY គេចខ្លួនបាត់ដោយសុវត្ថិភាព ។ បន្ទាប់មកនគរបាលបាននាំខ្លួនជនសង្ស័យទាំង០២នាក់ដែលត្រូវចាប់ខ្លួននោះទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ