ខេត្តក្រចេះ ៖ ជាស្ត្រីមេម៉ាយទុរគតវ័យចំណាស់ម្នាក់រស់គ្មានទីពឹងនៅកណ្តោចកណ្តែងម្នាក់ឯង ក្នុងផ្ទះឈើជញ្ជាំងស្បូវដំបូលប្រក់មេឃ ប្រឹងរស់ទាំងត្រដរទាំងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងមានវ័យចាស់ជរា ត្រចៀកធ្ងន់ ដៃជើងស្ទើរកម្រើកមិនកើត ហើយសព្វថ្ងៃគឺទទួលបានការហូបចុកដែលផ្តល់ពីប្រជាពលរដ្ឋជិតខាងគ្រាន់ចិញ្ចើមក្រពះបានមួយគ្រាៗ។
ចំណែកឯកូនប្រុសបង្កើតទាំង៤នាក់ ត្រូវទៅរស់នៅឆ្ងាយជាមួយប្រពន្ធកូនដោយមានកម្រិតជីវភាពលំបាកវេទនាដូចគ្នា ក្នុងនោះមានកូនប្រុសម្នាក់ទៀតបានស្លាប់ដោយសារទាហានសៀមបាញ់សម្លាប់ ពេលចូលទៅកាប់ឈើគ្រញូងនៅស្រុកអន្លង់វែង ខេត្តព្រះវិហារ ។
ពាក្យមួយឃ្លាពោលថា «កើតចាស់ឈឺស្លាប់គឺជារឿងធម្មតារបស់មនុស្សក្នុងលោក» តែលោកយាយឈ្មោះសែន រ៉ន អាយុ៧៩ឆ្នាំ ខាងលើដែលមានទីលំនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ គឺនៅតែព្យាយាមរស់នៅត្រដរទាំងមានជំងឺលើសឈាមប្រចាំកាយ និងធ្លាក់ខ្លួនឈឺដុនដាបកាន់តែខ្លាំង ជាច្រើនឆ្នាំមកហើយ គឺស្នាក់នៅក្នុងផ្ទះឈឺមួយខ្នងប្រៀបបានទៅនឹងកណ្តាលលំហរមេឃ ដោយមានថ្ងៃខ្លះលោកយាយត្រូវដេកទាំងទទឹងទឹកភ្លៀងនៅក្នុងផ្ទះដោយសារតែផ្ទះគ្មានដំបូលប្រក់ជិត ។សព្វថ្ងៃនេះលោកយាយ ស្ទើរតែមិនអាចងើបអង្គុយដោយខ្លួនឯងបាន គឺបានត្រឹមតែដេកដណ្តប់ភួយចាស់មួយនៅនឹងរនាបឫស្សីបាក់ធ្លុះធ្លាយចំកណ្តាលផ្ទះក្នុងសភាពញញីញញ័រ និងអាចប្រឹងងើបចំអិនបាយបានម្តងម្កាលដោយកូនឆ្នាំងស្ពាន់ ដែលសល់ពីបុរាណមួយគឺដាំព្រឹកទុកហូបដល់ស្អែក។
លោកយាយសូមសំណូមពរដល់បងប្អូនសប្បុរសជនឆ្ងាយជិតជួយផ្តល់ជាម្ហូបអាហារ ថវិកា និងទីជម្រកផង គ្រាន់បានគាត់រស់នៅក្នុងជីវិតចុងក្រោយ និងទប់ទល់ជាមួយនឹងជំងឺ ដែលចេះតែយាយយីសុខភាព ព្រោះសព្វថ្ងៃនេះគាត់គ្មានទីពឹងទេ ៕
ចែករំលែកព័តមាននេះ