រាជធានីភ្នំពេញ ៖ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទប្រចាំទិសប្រាសាទព្រះវិហារ ចំនួន១០០នាក់ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ ពិធីដ៏មានអត្ថន័យនេះត្រូវបានរៀបចំធ្វើឡើងនៅសាលសន្និសីទ នៃសណ្ឋាគារស៊ីធីអង្គរ នារសៀលថ្ងៃទី២៩ កក្កដា ។
លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រចាំទិសព្រះវិហារ មានប្រសាសន៍ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ប្រចាំទិសប្រាសាទព្រះវិហារ លោកមានសេចក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថា ទោះបីជាសភាពការណ៍នៅតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ពីសត្រូវសៀមឈ្លានពាន ។ ជាមួយគ្នានេះ នាយទាហាន នាយទាហានរងក៏ដូចជាពលទាហានទាំងអស់ ដែលមានភារកិច្ចឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនជួរមុខកម្ពុជា-ថៃ មានសេចក្តីត្រេកអរជាអតិបរមា ដោយបានសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើសុំការប្រោសព្រះរាជទាន ពីព្រះមហាក្សត្រ ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការដំឡើងឋានន្តរស័ក្តិគ្រប់ៗគ្នា ។
លោកនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថា នេះគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការបេ្តជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុុត នូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងខឿនការពារមាតុភូមិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យកាន់តែរឹងមាំរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា ជាមួយនឹងមោទនភាពដែលកងយោធពលខេមរភូមិន្ទនៃយើងសម្រេចបាននេះ មិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្រ និងការទំនុកបម្រុងគ្រប់បែបយ៉ាងពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេច លោកជំទាវ អស់លោក លោកស្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់នៅសមរភូមិក្រោយ ដែលមានភក្តីភាពចំពោះសមរភូមិមុខ ពិសេសការកសាងជម្រកស្នាក់នៅ ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការផ្គត់ផ្គង់លើគ្រប់មធ្យោបាយទាំងអស់ ។
លោកឧត្តមសេនីយ៍ឯកឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រចាំទិសទី៣ មានប្រសាសន៍ឱ្យដឹងដែរថា សភាពការណ៍នៅសមរភូមិទិសទី៣ ក៏មិនខុសគ្នានឹងទិសប្រាសាទព្រះវិហារដែរ បើទោះបីជាពេលនេះកម្លាំងកងទ័ពសៀមឈ្លានពាន មានសភាពស្ងប់ស្ងាត់ និងដកថយនូវកម្លាំងនិងគ្រឿងសព្វាវុធយុទ្ធភណ្ឌក៏ពិតមែន ប៉ុន្តែកងកម្លាំងរបស់យើងដែលមានភារកិច្ចឈរជើងនៅតំបន់ទិសទី៣ មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ពិសេសរង់ចាំទទួលបទបញ្ជាពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់យើងឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្តថា នាយទាហានជាន់ខ្ពស់ ក៏ដូចជាពលទាហានទាំងអស់ដែលមានភារកិច្ចឈរជើងការពារទឹកដីនៅសមរភូមិមុខ ចងចាំជានិច្ចនូវប្រសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ការដកកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃត្រូវធ្វើឡើងដំណាលគ្នា ដោយមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ធ្វើជាសាក្សី និងការបង្ហាញវត្តមាននៃក្រុមអ្នកសង្កេតការណ៍ជាមុនសិន ។ កម្ពុជានឹងមិនដកកងទ័ពមុនភាគីថៃនោះឡើយ ដែលបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ បានដក់ជាប់នៅក្នុងផ្នត់គំនិតរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍សំណេះសំណាលទៅកាន់នាយទាហានជាន់ខ្ពស់ ដែលមានវត្តមាននៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពលីជីវិតដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ មាតុភូមិពីសត្រូវឈ្លានពានមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងកំពុងតែដំណើរការលើវិធានការធំៗទាំង៤ គឺយោធា នយោបាយ ការទូត និងច្បាប់ ។ ដំណើរការទាំង៤នោះ មកដល់ពេលនេះអាចចាត់ទុកថាវាចូូលទៅក្នុងបរិបទថ្មីនៃសភាពការណ៍ដែលយើងត្រូវតែធ្វើការវាយតម្លៃ ដើម្បីឈានទៅដល់ការត្រៀមរៀបចំខ្លួននៅក្នុងសភាពការណ៍ថ្មី ។
ជោគជ័យដែលយើងទទួលបានមកនោះ មិនមែនជាការទទួលបានដាច់ដោយឡែកនូវវិធានការណាមួយនោះទេ ប៉ុន្តែគឺជាការគួបផ្សំនៃវិធានការទាំង៤ និងដោយមានទំនាក់ទំនងបេះមិនដាច់ នៃយុទ្ធសាស្ត្រក្នុងការពង្រឹងខឿនការពារជាតិ របស់ប្រជាជនកម្ពុជា នៅគ្រប់ស្រទាប់ជាន់ថ្នាក់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា នៅពេលដែលកងកម្លាំងប្រដាប់អាវុធនៅជួរមុខត្រូវបានដំឡើងឋានន្តរស័ក្តិ កងកម្លាំងប្រដាប់អាវុធរបស់យើងនៅសមរភូមិក្រោយ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិដូចគ្នា ពោលគឺដោយសារតែមានប្រព័ន្ធទំនាក់ទំនងដូចគ្នា ជាពិសេសគឺមិនអាចមានការប្រយុទ្ធណាមួយដែលខ្វះការផ្គត់ផ្គង់ ភស្តុភារ សម្ភារ បរិក្ខារពីខាងក្រោយក្នុងការគាំទ្រសមរភូមិមុខឡើយ។ សម្តេចតេជោមានប្រសាសន៍យ៉ាងមុតមាំថា សម្តេចពិតជាមានមោទនភាពចំពោះកិច្ចការទាំងអស់ ដែលយើងបានធ្វើកាលពីពេលកន្លងមក ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើងមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ ទាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ ពិសេសការចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាស្ថាប័ន អង្គភាព រាជធានី ខេត្ត ស្រុក ខណ្ឌ និងសប្បុរសជននានា ។ សម្តេចតេជោមានប្រសាសន៍ទៅកាន់នាយទាហានទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីសំណេះសំណាលនោះថា ឥឡូវនេះយើងបានឈានមកដល់ដំណាក់កាល ថ្មី ។ ដំណាក់កាលថ្មីនេះយើងគប្បីត្រូវធ្វើការវាយតម្លៃរួមគ្នា ដើម្បីពង្រឹងខឿនការពារជាតិយើងឱ្យបានរឹងមាំ ពិសេសដើម្បីធ្វើការពិភាក្សាវាយតម្លៃ និងដាក់ចេញនូវសភាពការណ៍ទៅតាមពេលវេលាសមស្រប ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា បរិបទថ្មីនៅពេលនេះគឺទី១-វត្តកែវសិក្ខាគិរីស្វរៈ មិនមែនជាចំណុចដែលកងទ័ពសៀមឈ្លានពានចូលមកលាយឡំជាមួយនឹងកងកម្លាំងរបស់ភាគីកម្ពុជាទៀតទេ ដែលនោះគឺជាចំណុចស្នូលដែលកម្ពុជាហៅថា ថៃឈ្លានពានកម្ពុជា ប៉ុន្តែយើងបានធ្វើឱ្យកម្លាំងដែលសេសសល់ចុងក្រោយបានចាកចេញពីវត្តហើយការដែលកងទ័ពថៃចំនួន១០នាក់ចុងក្រោយ ធ្វើការចាកចេញពីវត្ត គឺជាការឈឺចាប់ខ្លាំងណាស់នៃមេដឹកនាំកំពូលរបស់ប្រទេសថៃ។ ទី២-ទោះបីជានៅពេលខាងមុខ រដ្ឋាភិបាលថ្មីរបស់ថៃនឹងបង្កើតឡើងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលថ្មីរបស់ថៃនឹងមិនលើកទឹកចិត្តឱ្យកងកម្លាំងប្រដាប់អាវុធថៃធ្វើការប្រយុទ្ធជាមួយនឹងកម្ពុជា ដូចការលើកឡើងរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា នោះឡើយ ។ ទី៣-សភាពការណ៍ថ្មីនៅត្រង់ថា ជម្លោះព្រំដែនកម្ពុជា-ថៃស្ថិតនៅក្នុងរបៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងរបៀបវារៈនៃតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ និងស្ថិតនៅក្នុងរបៀបវារៈរបស់ អាស៊ាន។
សម្តេចមានប្រសាសន៍ទៀតថា ការការពារទឹកដីដោយអាវុធ ដោយមនុស្ស និងការច្បាំងគ្នា វាត្រូវតែជាបង្អែកមុនដំបូងហើយ ប៉ុន្តែបង្អែកដែលធំជាងនេះទៀត គឺកិច្ចការអន្តរជាតិ ដែលមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសនៅលើសាកលលោក ពិសេសរបៀបវារៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលយើងមិនអាចមើលរំលងបាន ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានធ្វើការអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ដល់ការការពារបូរណភាពទឹកដី តាមរយៈការលើកកម្ពស់ខឿនការពារជាតិ ដែលជាចក្ខុវិស័យរួមសម្រាប់យើងទាំងអស់គ្នា ស្របតាមទិសស្លោកថា ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា ៕ ទ.ទ.ក
ចែករំលែកព័តមាននេះ