ខេត្តសៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រតិកម្មរិះគន់ទៅនឹងពាក្យសំដីប្រមាថមាក់ងាយចំពោះជនពិការដូចជា ហៅអាខ្វាក់ អាកំបុត ។ សម្តេចបញ្ជាក់ថា ខ្ញុំឮភាសាហ្នឹងមិនបានទេ ខ្ញុំស្អប់ណាស់ភាសាហ្នឹង ហើយខ្ញុំក៏ដឹងដែរអ្នកណាហៅខ្ញុំអាខ្វាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅនឹងពាក្យសំដីប្រមាថចំពោះជនពិការបែបនេះ នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០១១ ក្នុងឱកាសដែលសម្តេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ដែលជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លានៅខេត្តកំពត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ពាក្យអាខ្វាក់មួយម៉ាត់តម្លៃរបស់វាដែលអ្នកហៅគេអាខ្វាក់ គឺអន់ជាងមនុស្សខ្វាក់រាប់មិនអស់ ។ ពិការដូចខ្ញុំត្រូវគេហៅខ្ញុំអាខ្វាក់ ប៉ុន្តែវាមិនមែនប៉ះពាល់ត្រឹមតែខ្ញុំទេ ក្នុងទសវត្ស៨០ ជេរខ្ញុំអាខ្វាក់ ពេលខឹងគឺប៉ះពាល់ដល់ព្រះមហាក្សត្រថៃ ព្រោះមហាក្សត្រថៃព្រះអង្គខូចព្រះនេត្រម្ខាងដែរ ។ ដូច្នេះហើយអ្នកដែលខ្វាក់ពិការដូចខ្ញុំនេះក៏មានអ្នកធ្វើមហាក្សត្រ ហើយខ្ញុំខ្លួនឯងក៏ធ្វើនាយករដ្ឋមន្ត្រីដែរ ។
សម្តេចបានរិះគន់បន្ថែមទៀតថា អ្នកខ្លះដៃជើងល្អ ប៉ុន្តែមិនមានតម្លៃស្មើនឹងជនពិការទេ ទៅស៊ីផឹកប៉ោឡែកើតជំងឺអេដស៍ ដើរតាពីសតាពាសអត់មានការងារធ្វើ ក្នុងពេលដែលជនពិការគេបង្កបង្កើនផលខាងវិស័យកសិកម្មបាន ។
បងប្អូនយោធិនពិការទាំងអស់មិនត្រឹមតែបានចូលរួមចំណែកដ៏សកមក្ម និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាពសង្គមជូនប្រជាជន និងប្រទេសជាតិយើងទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែបងប្អូនគឺជាកម្លាំងពលកម្មដ៏សំខាន់ដែលនឹងអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជីវភាពក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង ទោះបីជាបងប្អូនមានពិការភាពជាប់ខ្លួនក៏ដោយ ។
យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំប្រឹងប្រែង និងរួមគ្នាបង្កើតឱ្យបាននូវបរិយាកាសសមស្របដែលអនុញ្ញាតឱ្យបងប្អូនយោធិន ពិការរបស់យើងអាចប្រើប្រាស់បាននូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងគ្រប់សកម្មភាពអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅសមរភូមិក្រោយ ។
រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តគ្រប់ស្ថាប័នក្រសួង និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិក្រុមហ៊ុនឯកជន និងសប្បុរសជននានា ដើម្បីចូលរួមចំណែកក្នុងការធ្វើសមាហរណកម្មយោធិនពិការ ជនពិការនៅក្នុងសង្គមជាតិ ។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតឱ្យបាននូវប្រព័ន្ធសុវត្ថិភាពសង្គមមួយដែលមានលក្ខណៈគត់មត់ ទូលំទូលាយ និងចីរភាព ។
សម្តេចមានជំនឿយ៉ាងមុតមាំថា មជ្ឈមណ្ឌលអភិវឌ្ឍន៍នេះពិតជារួមចំណែកយ៉ាងប្រសើរចំពោះការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនយោធិនពិការ ជនពិការ និងគ្រួសារនៅតំបន់នេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តាំដល់បងប្អូនយោធិនពិការទាំងអស់ សូមកុំអស់សង្ឃឹមក្នុងជីវិត រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្រប់រូបនៅជាមួយបងប្អូន និងក្រុមគ្រួសាររបស់បងប្អូនជានិច្ច ។ រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូនរស់នៅដោយមិនមានការយកចិត្តទុកដាក់ គាំពារជាដាច់ខាត ។ សូមបន្តពង្រឹងសេចក្តីក្លាហាន មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់លើខ្លួនឯង ខិតខំរៀនសូត្រជំនាញវិជ្ជាជីវៈ ប្រើប្រាស់សម្បទាដែលនៅមានពុះពារជម្នះរាល់ការលំបាក ដើម្បីបង្កើនមុខរបរ និងកសាងជីវភាពរស់នៅដោយឯករាជ្យម្ចាស់ការ ថ្លៃថ្នូរដែលជាការរួមចំណែកដ៏ស័ក្តិសមក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ខ្ញុំនិងភរិយាសូមជំរុញលើកទឹកចិត្ត និងគាំទ្រដល់ជនពិការគ្រប់រូប សូមបងប្អូនរស់នៅក្នុងក្តីសង្ឃឹមជានិច្ច សូមផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង ជាមុន ព្រមទាំងខិតខំប្រឹងប្រែងប្រកបការងាររកទទួលទានជាប្រក្រតី នោះទឹកចិត្ត និងស្មារតីរបស់បងប្អូនពិតជានឹងនៅតែងរឹងប៉ឹងជាដរាប ។
ក្នុងសុន្ទរកថាលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប បានឱ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប គឺពិតជាកើតចេញពីទស្សនាទាននៃទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយបានការយកចិត្តទុកដាក់ខ្ពស់ពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានគិតគូរពីជីវភាពរស់នៅ និងសុខទុក្ខរបស់យោធិនពិការ និងគ្រួសារទាំងអស់ដែលបូជាកាយសម្បទា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
លោករដ្ឋលេខាធិការក្រសួងការពារជាតិបន្តថា សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះយុទ្ធជនពិការមានគុណបំណាច់ក្នុងការបូជា កាយសម្បទា ដើម្បីបុព្វហេតុការពារមាតុភូមិ សម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានប្រគល់ថវិកាពីមូលនិធិសម្តេចផ្ទាល់ចំនួនមួយលានដុល្លារអាមេរិក ដើម្បីរៀបចំកសាងមជ្ឈមណ្ឌលយោធិនពិការមួយកន្លែងទៀតនៅលើទឹកដីខេត្តសៀមរាប នេះបន្ទាប់ពីការកសាងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លានៅខេត្តកំពត ។
ក្រសួងការពារជាតិបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ មករា ឆ្នាំ២០០៩ និងបានដំណើរការឈូសឆាយ កាប់ឆ្ការព្រៃរៀបចំធ្វើប្រព័ន្ធផ្លូវក្នុងមណ្ឌលក៏ដូចជាផ្លូវចូលពីលេខ៦៧ មកមណ្ឌល ។
ចាប់ពីដំណើរការសាងសង់បណ្តាអគារ ដើមខែឧសភា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្នសម្រេចបានធ្វើផ្លូវមេដីក្រហមចំនួន៣ខ្សែប្រវែង៨.២៨៧ម៉ែត្រ សម្រេច១០០% ធ្វើផ្លូវរងដីក្រហមចំនួន២៤ខ្សែ ប្រវែង១៤.៥០០ម៉ែត្រ សម្រេចបាន១០០% ខួងអណ្តូងទឹកប្រើប្រាស់០,២០ម៉ែត្រ ជម្រៅ៩០ម៉ែត្រ បានចំនួន២អណ្តូង សម្រេចបាន១០០% អណ្តូតទឹកប្រើប្រាស់តាមគ្រួសារបានចំនួន៥៣អណ្តូង ជើងទម្រស៊ីទែនទឹក១១០ម៉ែត្រគូប សម្រេចបាន១០០% រៀបចំទុយោបណ្តាញចែកចាយទឹកសម្រេចបាន១០០% ជីកប្រព័ន្ធប្រឡាយបាន២៨គីឡូម៉ែត្រ កាប់ឆ្ការ និងឈូសឆាយទីតាំងមណ្ឌលសម្រេចបាន៣៣៨ហិកតា សាងសង់ផ្ទះស្នាក់នៅចំនួន១២១ខ្នង កុដិព្រះសង្ឃចំនួន២ខ្នង សាលាបុណ្យចំនួន១ខ្នង (មានព្រះសង្ឃ៣អង្គ) រោងជាងសិប្បកម្មចំនួន២ខ្នង អគាររដ្ឋបាលចំនួន១ខ្នង មណ្ឌលសុខភាពចំនួន២ខ្នង ទីចាត់ការសាលាចំនួន១ខ្នង ស្មើ៣បន្ទប់ អគារថ្នាក់រៀន២ខ្នង ស្មើនឹង១២បន្ទប់ (សាលារៀនបានប្រសិទ្ធនាមថា សាលាបឋមសិក្សាទៀបាញ់ សែនជ័យគូលេន) ស្រះត្រីលក្ខណៈគ្រួសារ១៥០ស្រះ ផ្តល់ពូជកូនឈើហូបផ្លែអស់ថវិកា៥.៩០០ដុល្លារអាមេរិក សម្រួលជួសជុលផ្លូវចូលមណ្ឌលចំនួន៧.៥០០ម៉ែត្រ ក្នុងគម្រោង២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
លោករដ្ឋលេខាធិការបញ្ជាក់ថា សរុបចំណាយថវិកាក្នុងការសាងសង់មណ្ឌលជំហានទី១រួមមាន ថវិកាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០១០ ស្មើនឹង៤.០៦៣លានរៀល ថវិកាព ីមូលនិធិសម្តេចតេជោ និងអំណោយសប្បុរសជន១.០៥២.៦១១ដុល្លារអាមេរិក ថវិកានៅសល់សម្រាប់កសាងជំហានទី២ មានចំនួន២៥៥.៧៦១ដុល្លារអាមេរិក ។ ដោយការចំណាយសម្រាប់កសាង និងរៀបចំភូមិមួយខ្នងត្រូវការថវិកាចំនួន៤.៦៥០ដុល្លារ ដូច្នេះនឹងអាចកសាងបានលំនៅឋានរបស់យោធិនពិការបន្ថែមចំនួន៥៥ខ្នងទៀត ក្រោយពេលអាជ្ញាធរដែនដីបានចាត់ចែងដោះស្រាយផ្តល់ដីឱ្យចំនួន៥៤០ហិកតា សម្រាប់ការកសាងជំហានទី២ ៕
ចែករំលែកព័តមាននេះ