ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានី​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម ព្រឹត្តិ​ការណ៍ «​នគរ​សង្ក្រាន្ត​» ​រយៈពេល ៦​ថ្ងៃ និង ៦​ទីតាំង ឱ្យ​បាន​ច្រើន​កុះករ

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ដើម្បី​ចូលរួម អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ដើម្បី​ចូលរួម អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ គ​.​ស​.២០២៦ និង​ចូលរួម ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ជា​ពិសេស បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ផ្សារ​ភ្ជាប់​ពិធី​បុណ្យចូលឆ្នាំ​ជាមួយ​វីរ​កងកម្លាំង​ជួរ​មុខ និង​បងប្អូន​ភៀស​សឹក ក្រោម​ស្មារតី​ការ​រួបរួមសាមគ្គី​នៃ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) រៀបចំ​ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត​» រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តំបន់​ជុំវិញ​វត្ត​ភ្នំ បរិវេណ​សួនច្បារ​វឌ្ឍនៈ សួនច្បារ​អតីត​ទីលាន​ប្រជាធិបតេយ្យ ស្ពាន​នាគ​ភ្លោះ​រមណីយដ្ឋាន​វត្ត​ភ្នំ រហូត​ដល់​ផ្សារ​រាត្រី ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី ភ្នំពេញ (Walk Street) និង​កម្មវិធី​អម​នៅ​បរិវេណ​បា​សាក់​លែ​ន (Bassac Lane) និង​បរិវេណ​ផ្សារ​ទួល​ទំពូង​។

ព្រឹត្តិការណ៍ «​នគរ​សង្ក្រាន្ត​» មានការ​រៀបចំ​កម្មវិធី​ប្រពៃណី​សាសនា និង​កម្មវិធី​មួយ​ចំនួន ដូច​ជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ក្បួន​នគរ​សង្ក្រាន្ត ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជា​ច្រើន​ទម្រង់ លេងល្បែង​ប្រជាប្រិយ​ជាតិ និង​ការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​។ ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង បើក​ដំណើរការ​ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី​ភ្នំពេញ (Walk Street) រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ផង​ដែរ​។

ក្នុង​ន័យ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន សូម​អញ្ជើញ មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” នៅ​តាម​ទីតាំង​ខាងលើ ឱ្យ​បាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព ដ៏​ត្រជាក់ត្រជំ និង​ក្រោម​ស្មារតី​សាមគ្គីភាព ឯកភាព និង​ភាព​ធន់​។

ទន្ទឹម​នេះ ដើម្បី​ឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ល្អ​ប្រសើរ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ជុំវិញ​ទីតាំង រៀបចំ​ព្រឹត្តិការណ៍ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​រៀបចំ​ចំណត​យានយន្ត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត ហើយ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មានការ​ចាំបាច់ សូម​ធ្វើ ការ​ពង្វាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​បរិវេណ​ទីតាំង​ខាងលើ​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់ អធ្យាស្រ័យ​ខ្ពស់​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ