ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការអនុវត្តបទឈប់បា.ញ់បញ្ហាព្រំដែនកម្ពុជា-ថៃមានរយៈពេល៣ខែហើយ តែថៃនៅបំពានដែនអធិបតេយ្យកម្ពុជា

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង គិត​ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង គិត​ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦​នេះ មាន​រយៈពេល​៣​ខែ​គត់ ចំពោះ​សង្គ្រាម​ព្រំដែន ដែល​ភាគី​កម្ពុជា​-​ថៃ​បាន​អនុវត្ត ។

យ៉ាងណា​ក្តី មក​ដល់​បច្ចុប្បន្ន ថៃ​នៅ​តែ​បំពាន់​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​ផ្ទុយ និង​ការ​កំណត់​របស់​កិច្ចព្រមព្រៀង​នៅ​ពេល​កន្លង​មក ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា បទ​ឈប់​បាញ់​នេះ​កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ថ្នាក់ដឹកនាំ​កម្ពុជា តាម​រយៈ​ការងារ​ការទូត ដោយ​មានការ​ជ្រោមជ្រែង​ពី​ភាគី​អន្តរជាតិ ជា​ពិសេស​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២៥ ។

ដូច្នេះ នេះ​ជា​ឱកាស​ដែល​យើង​គួរ​រម្លឹក​ឡើង​វិញ​ពី​អត្ថន័យ និង​លទ្ធផល ដែល​កើត​ចេញពី​បទ​ឈប់​បាញ់​នេះ ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​ជនរួមជាតិ​ក្រោយ​សម្រេច​បាន​បទ​ឈប់​បាញ់​នេះ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​មាន​បទ​ឈប់​បាញ់​សបញ្ជាក់​ថា កម្ពុជា​បាន​សម្រេច​ប្រកាន់​យក​មាគ៌ា​សន្តិភាព និង​តម្កល់​អាយុជីវិត និង​សុខទុក្ខ​របស់​ប្រជាជន​ជា​អាទិភាព​ចម្បង និង​ខ្ពស់​បំផុត ។

ទន្ទឹម​នឹង​នោះ កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ​យ៉ាង​ពេញលេញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ។

ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​ច្បាស់​ថា កម្ពុជា​ដើរ​លើ​ផ្លូវ​សន្តិភាព តែ​មិន​អាច​ធ្វើ​សម្បទាន​បូរណភាព​ទឹកដី និង​សេចក្តី​ថ្លៃថ្នូរ នៃ​ប្រជាជាតិ​របស់​ខ្លួន​បាន​ឡើយ ។ អាច​និយាយ​បាន​ថា ការ​សម្រេច​បាន​នូវ​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ តាម​រយៈ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ក្នុង​នោះ​មាន​ចែង​ពី​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​១៥ ចំណុច​ផ្សេង​ទៀត គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា​ដើម្បី​បញ្ចៀស​ការ​ស្លា​.​ប់ ការ​រង​របួស ការ​បង្ហូរ​ឈា​.​ម និង​សោកនាដកម្ម ដ៏​មហន្តរាយ​មក​លើ​ប្រទេស​ជាតិ ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​ឆ្អែតឆ្អន់ និង​បាន​ស្គាល់​រសជាតិ​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ ។ នេះ​ក៏​ជា​ហេតុផល ដែល​កម្ពុជា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​ទាំងអស់ នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដូច​ជា កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា កាលពី​ពេល​កន្លង​ទៅ ដោយ​ក្នុង​នោះ​ក៏​មាន​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡំ​ពួរ​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ផង​ដែរ ។ គោលដៅ​ចម្បង គឺ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​យន្តការ​ការទូត និង​បច្ចេកទេស​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ។

សូម​រម្លឹក​ថា ក្រោម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នេះ យោធិន​កម្ពុជា ១៨​នាក់ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​បាន​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ខណៈ​ដែល​ជនភៀសសឹក​ជាង​៩៤% ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង ៦៤​ម៉ឺន​នាក់ ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ​ហើយ​គិត​មក​ទល់​ថ្ងៃនេះ ។ ប៉ុន្តែ​នៅ​សល់​ជនភៀសសឹក​ជាង ៣​ម៉ឺន​៦​ពាន់​នាក់​ទៀត មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​នៅឡើយ ដោយសារ​ការ​រារាំង​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ តាម​រយៈ​ការ​ដាក់​រាយ​បន្លា​លួស និង​ទូរ​កុងតឺន័រ និង​ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​លួច​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ។

ប្រឈម​មុខ​ចំពោះ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជា​បន្តបន្ទាប់ និង​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​រាល់​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង​ពី​សំណាក់​កងកម្លាំង​ថៃ ។

ទន្ទឹម​នឹង​នោះ កម្ពុជា​ក៏​បាន និង​កំពុង​ជំរុញ​ឱ្យ​ភាគី​ថៃ​អនុវត្ត​តាម​ស្មារតី​ចំណុច​ទី​៣ និង​ទី​៤ នៃ​សេចក្តី​ប្រកាស​រួម ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត និង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ដល់​តំបន់​ដែល​មាន​ជន​ស៊ី​វិល​រស់នៅ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​អនុញ្ញាត​ឱ្យ​ជនភៀសសឹក​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ដោយ​គ្មាន​ការ​រារាំង ប្រកបដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល តាម​រយៈ​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន បាន​ផ្ញើ​កំណត់​ទូត ៥​លើក​ហើយ ទៅ​កាន់​ភាគី​ថៃ គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​ចុះ​ធ្វើការ​លើ​ដី​ជាក់ស្តែង ដើម្បី​បន្ត​អនុវត្តន៍​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 52-59 ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង និង​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​ចំនួន​១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង​នៅ​ទីតាំង​ដើម ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​កំណត់​ខ្សែ​ព្រំដែន​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ជាដើម ។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ