អន្តរជាតិ ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះប្រហែល ៤% នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៦ ដោយសារតែការរំពឹងទុកនៃបទឈប់បាញ់ដែលអាចកើតមាន ដែលបន្ធូរបន្ថយការរំខានដល់ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ញើផែនការសន្តិភាព ១៥ ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
កិច្ចសន្យាប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៤,៨៩ ដុល្លារ ឬ ៤,៧% មកត្រឹម ៩៩,៦០ ដុល្លារក្នុង១បារ៉ែល នៅម៉ោង ១០ និង ៣៥ នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះដល់ ៩៧,៥៧ ដុល្លារ/បារ៉ែល នៅក្នុងការជួញដូរមុន។ ចំណែកប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ៣,៥៤ ដុល្លារ ឬ ៣,៨% មកត្រឹម ៨៨,៨១ ដុល្លារ/បារ៉ែល បន្ទាប់ពីធ្លាក់ចុះដល់ ៨៦,៧២ ដុល្លារ។ ស្តង់ដារទាំង ២បានកើនឡើងជិត ៥% កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងតែសម្រេចបានវឌ្ឍនភាពចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈប្រភពមួយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសំណើផែនការសន្តិភាព ១៥ ចំណុចទៅអ៊ីរ៉ង់។ ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 2 ក៏បានផ្សាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកបទឈប់បាញ់រយៈពេល១ខែ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពនេះ រួមមានការរុះរើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញផងដែរ។
សូមជម្រាបថា សង្គ្រាមនៅមជ្ឈិមបូព៌ានេះ បានបញ្ឈប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកហ័រមូស ដែលជាធម្មតាជាផ្លូវដឹកជញ្ជូនប្រហែល១ភាគ៥នៃការផ្គត់ផ្គង់ឧស្ម័ន និងប្រេងឆៅរបស់ពិភពលោក បណ្តាលឱ្យតម្លៃកើនឡើងខ្ពស់ ដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ហៅថា ការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត៕

ចែករំលែកព័តមាននេះ