ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​រំលោភ​ព្រំដែន​ពី​ភាគី​ថៃ​បាន​ក្លាយជា​របៀប​​វារៈ​ដ៏​សំខាន់ និង​ចាំបាច់​មួយ​របស់​កម្ពុជា សម្រាប់​កិច្ច​ពិភាក្សា​នានា​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា​នៅ​ទីណា ឬ​ពេលវេលា​ណា រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​កាត​ព្វ កិច្ច «​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​» ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន​ឡើយ ពោល…


រាជធានី​ភ្នំពេញ ៖ មិន​ថា​នៅ​ទីណា ឬ​ពេលវេលា​ណា រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​កាត​ព្វ កិច្ច «​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​» ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន​ឡើយ ពោល គឺ​ប្រធានបទ​ស្តី​ពី «​ការ​វិវត្តន៍​ថ្មី​ៗ​នៃ​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​» បាន​ក្លាយជា​របៀបវារៈ​ដ៏​សំខាន់ និង​ចាំបាច់​មួយ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា សម្រាប់​កិច្ច​ពិភាក្សា​នានា​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ជា​របៀបវារៈ​ដ៏​សំខាន់ និង​ចាំបាច់​មួយ​របស់​កម្ពុជា សម្រាប់​កិច្ច​ពិភាក្សា​នានា​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

អ្នកនាំពាក្យ​លើក​ឡើង​ថា ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជំនួប​សម្តែង​ការ​គួរសម​របស់​ឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការ​ទទួល​បន្ទុក​តំបន់​ខាងកើត​នៃ​ក្រសួងការបរទេស​ឥណ្ឌា ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

ក្រៅពី​កិច្ច​ពិភាក្សា​អំពី​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ដ៏​យូរអង្វែង និង​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​និង​ឥណ្ឌា និង​ការ​រិះរក​មធ្យោបាយ​នានា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត​ក្នុង​វិស័យ​នានា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ជូន​ដៃគូ​សន្ទនា​ផង​ដែរ ។

នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រសួងការបរទេស និង​ក្រសួង​ស្ថាប័ន​នានា​ក៏​បាន​ទទួល​ជួប​ជាមួយ​ដៃគូ​បរទេស​ជា​ច្រើន ដែល​ក្នុង​ជំនួប​ទាំងនោះ ស្ថានការណ៍​វិវត្តន៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​របៀបវារៈ​ដ៏​សំខាន់​មួយ ។ ក្រសួង​និង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ក៏​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​តាម​វិស័យ​របស់​ខ្លួន ដោយ​មិន​ភ្លេច​បញ្ហា​ព្រំដែន និង​ជនភៀសសឹក ។

ជាក់ស្តែង តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Ian Hoskins នាយក​នៃ​នាយកដ្ឋាន​ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​អន្តរជាតិ​សំរាប់​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​នៃ​ស្នាក់​ការ​កណ្ដាល​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ថ្នាក់រៀន​ក្នុង​មណ្ឌល​ភៀស​សឹក ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ​ដោយ​ផ្ទាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ក្រោម​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប ដើម្បី​ស្តារ​លទ្ធភាព​ទទួល​បានការ​អប់រំ​ឡើង​វិញ សម្រាប់​អ្នក​ដែល​បាន​បាត់បង់​ឱកាស​។

ជាមួយ​គ្នា​នោះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ធានា​ថា កុមារ​គ្រប់​រូប​នៅ​កម្ពុជា​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់ នៃ​ជម្លោះ​ឬ​ការ​ផ្លាស់​ទីលំនៅ​ក៏​ដោយ​។ សហភាព​អឺរ៉ុប​នៅ​ទី​នេះ​ជាមួយ​អ្នក​ដើម្បី​ជួយ​កសាង​ប្រព័ន្ធ​អប់រំ​មួយ ដែល​មាន​លក្ខណៈ​បរិ​យា​បន្ន និង​ភាព​ធន់​ជាង​មុន​។ នេះ​ជា​ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេ​ទំព័រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ។

កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​សម័យប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ សហព័ន្ធ​ស្វី​ស ដោយ​បាន​សង្កត់ធ្ងន់​ថា ការ​បង្ក​ឧបសគ្គ​រារាំង​ដល់​ការ​វិល​ត្រឡប់​របស់​ប្រជាជន​ស៊ី​វិល​កម្ពុជា​រាប់​ម៉ឺន​នាក់​ទៅ​កាន់​ផ្ទះសម្បែង​របស់​គេ​វិញ ប្រកបដោយ​សុវត្ថិភាព​និង​សេចក្តី​ថ្លៃថ្នូរ គឺជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស ។

សូម​រំលឹក​ជូន​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ក៏​ទើបតែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ស្ថានការណ៍​វិវត្តន៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ ដែល​អនុញ្ញាត​ឱ្យ​បណ្តា​ដៃគូ​សន្ទនា​បាន​យល់​ច្បាស់​ពី​សភាពការណ៍​ពិត ក៏​ដូច​ជា​ជំហរ​សន្តិភាព​និយម​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា​ដែល​ស្រប​នឹង​ការ​ចង់បាន​របស់​សហគមន៍​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ទាំង​បី​ខាងលើ​របស់​ប្រមុខ​ការទូត​កម្ពុជា បាន​កើតឡើង​បន្ទាប់​ពី​ដំណើរ​បេសកកម្ម​ការទូត​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៦​ថ្មី​ៗ​នេះ​។

សកម្មភាព​ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​លើ​សមរភូមិ​ការទូត​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​គឺ «​ការ​ការពារ​បូរណភាព​ទឹកដី​និង​ប្រជាជន​» និង​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់ និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ប្រទេស​កម្ពុជា និង​ជន​ភៀសសឹក​ជា​ច្រើន​ម៉ឺន​នាក់ ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ ។
ដោយសារ​ការ​រារាំង​ពី​កងកម្លាំង​ថៃ ក្នុង​នោះ ក៏​មាន​កុមារ​កម្ពុជា​ជា​ច្រើន​មិន​បាន​ទៅ​សាលារៀន​របស់​ពួក​គេ​វិញ​នៅឡើយ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជា​ថ្មី​ថា ក្នុង​ស្មារតី​ស្រឡាញ់​សន្តិភាព​និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​នោះ​ចំណុច​ទី​៣​ដែល​ចែង​អំពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​យន្តការ JBC ដើម្បី​ធានា​ដំណោះស្រាយ​ត្រឹមត្រូវ យុត្តិធម៌ និង​ធានា​សន្តិភាព​យូរអង្វែង​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។ រាជរដ្ឋាភិបាល​បន្ត​បេសកកម្ម​ក​ការទូត​សកម្ម​របស់​ខ្លួន​ដោយ​ឥត​ឈប់​ឈរ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​។

សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិ​សញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ