ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ផ្លូវបេតុង និងទំនប់បង្ហៀរទឹក ដែលតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ។

សមិទ្ធផលដ៏ធំធេងមិនធ្លាប់មាននេះ ស្ថិតក្នុងក្របខណ្ឌនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ខ្សែផ្លូវអន្តរឃុំថ្មីនេះ មានប្រវែងសរុបជាង១០គីឡូម៉ែត្រ និងមានទទឹង៦ម៉ែត្រ ត្រូវបានចាប់ផ្ដើមអនុវត្តការសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ។ ខ្សែផ្លូវនេះ តភ្ជាប់ពីឃុំស្រែអំពូម (ផ្លូវទៅទឹកជ្រោះប៊ូស្រា) ឆ្លងកាត់ឃុំក្រង់តេះ ឆ្ពោះទៅកាន់ឃុំពូជ្រៃ(ផ្លូវជាតិលេខ៧៦) ដែលជាតំបន់ពោរពេញទៅដោយសក្ដានុពលកសិកម្ម និងកសិឧស្សាហកម្មយ៉ាងសម្បូរបែប ។

នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង ឱ្យមានវឌ្ឍនភាពលឿន និងសំណង់មានភាពរឹងមាំល្អ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថា សមិទ្ធផលផ្លូវក្រាលកៅស៊ូ និងបេតុងប្រវែងជាង១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំទាំងបីនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ស្រុកពេជ្រាដា ព្រោះវាបានកាត់ផ្តាច់ភាពលំបាកវេទនានៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាលពីអតីតកាល ។ ពីមុនមក ឱ្យតែដល់រដូវវស្សា ផ្លូវនេះរអិលខ្លាំងពិបាកធ្វើដំណើរ ជះផលរំខានដល់ការដឹកជញ្ជូនកសិផល ការទៅរកសេវាសុខាភិបាល និងការទៅរៀនសូត្ររបស់ក្មួយៗសិស្សា នុសិស្ស ប៉ុន្តែពេលនេះអ្វីៗត្រូវបានប្រែក្លាយជាល្អស្អាតប្រកបទៅដោយក្តីសង្ឃឹម ។

ទន្ទឹមនឹងសមិទ្ធផលកម្រនេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនាពេលយប់ ឯកឧត្តម ថង សាវុន ក៏បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនសកម្មភាពកៀរគរថវិកា ក៏ដូចជាធនធានសប្បុរសជននានា ដើម្បីរៀបចំបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវថ្មីនេះឱ្យបានគ្រប់គ្រាន់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ត្រីបច្ចេកទេសឱ្យបន្តពង្រឹងគុណភាពសំណង់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសខ្ពស់បំផុត និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមថែរក្សាសម្បត្តិសាធារណៈទាំងនេះទាំងអស់គ្នា ជាពិសេសកុំដឹកទម្ងន់លើសច្បាប់កំណត់ ដើម្បីធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងស្រុកពេជ្រាដាទាំងមូល ៕




ចែករំលែកព័តមាននេះ