ខេត្តស្ទឹងត្រែង-ក្រចេះ ៖ ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ កម្ពុជាបានទទួលនូវដំណឹងដ៏រីករាយជាបន្តបន្ទាប់ ដោយក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន ២ក្បាលបន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្តស្ទឹង
ត្រែង និងខេត្តក្រចេះ ។ កំណើតកូនផ្សោតថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតសរុបក្នុងប្រទេសកម្ពុជា កើនឡើងដល់ ១១៦ក្បាល។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានជលផល និងអង្គការ WWF កូនផ្សោតទី១ ត្រូវបានប្រទះឃើញកាលពីវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចអន្លង់កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រមាណ ២ថ្ងៃ និងមានសុខភាពល្អ បង្ហាញខ្លួនក្នុងចំណោមហ្វូងផ្សោតពេញវ័យ ចំនួន ៥ក្បាលផ្សេងទៀត។
ដោយឡែក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល កូនផ្សោតទី២ ត្រូវបានក្រុមការងារស្រាវជ្រាវរួមគ្នារវាងខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញនៅចំណុចអន្លង់កោះសន្ទក់ ក្នុងឃុំ កោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះគឺជាកូនផ្សោតដំបូងបង្អស់ សម្រាប់ខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ សម្រាប់ទូទាំងប្រទេស គិតចាប់តាំងពីដើមឆ្នាំ២០២៦មក ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វត្តមានកូនផ្សោតថ្មីជាបន្តបន្ទាប់ និងការមិនមានករណីផ្សោតស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងតំបន់។
ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលនេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងសាធារណជន ឱ្យបន្តចូលរួមការពារធនធានដ៏មានតម្លៃនេះ ៕






ចែករំលែកព័តមាននេះ