រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។
តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមសម្តែងនូវសេចក្តីរីករាយជាអនេកប្បការ ដែលព្រះរាជាណាចក្រកម្ពុជាយើង បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពីប្រមាណ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិកម្ពុជា ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីក សេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំង ថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ ។
កម្ពុជាក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងមានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ ។
ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៧៨%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ៦៨% ផងដែរ។
ទោះបីជាកម្ពុជាទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក ។ បញ្ហានេះតម្រូវឱ្យកម្ពុជាត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងស្មារតីនេះ ប្រជាជនកម្ពុជាទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា ។ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយប្រជាជនកម្ពុជាទាំងអស់គ្នា ត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។
ដើម្បីឆ្លើយតបតាមប្រធានបទខាងលើ សម្ដេចធិបតីសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១-បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។
ទី២-ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវ រកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។ ទី៣-បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។ ទី៤-ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។
ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូបដែលបានចូលរួម ចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក ៕
ចែករំលែកព័តមាននេះ