រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ការបង្ក្រាបនេះធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ។
លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៤៩នាក់ ។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាព មាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រីវៀតណាម១នាក់ ។ នៅជាន់ទី២ និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូលជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់ ក្នុងនោះជនជាតិចិន១២នាក់ ម៉ាឡេស៊ី០២នាក់ ស្ត្រីមីយ៉ាន់ម៉ា០១នាក់ និងស្ត្រីខ្មែរចំនួន១នាក់ ។
ចំណែក វត្ថុតាងមានដូចជាៈ កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧គ្រឿង និងស៊ីមកាត ម៉ាឡេស៊ីចំនួន៤៦ ស៊ីម ។
តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាពវិនិយោគក្លែងក្លាយដោយមានគោលដៅអូសទាញជនរងគ្រោះនៅ ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ។
គួរបញ្ជាក់ថា ក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ ។ ប្រភពបានលើកឡើងថា បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត ។
អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ។
សូមជម្រាបថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕
ចែករំលែកព័តមាននេះ