ទីក្រុងរីយ៉ាត៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចេញប្រតិកម្មខ្លាំងៗនៅថ្ងៃនេះតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់មកលើខ្លួនដោយមីស៊ីល និងដ្រូនជាហូរហែចាប់តាំងពីពេលដែលសង្គ្រាមផ្ទុះឡើងដំបូងកាលពីចុងខែកុម្ភៈ។ ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ហ្វៃសាល់ ប៊ីន ហ្វារ៉ាន អាល់សាអ៊ូត (Faisal bin Farhan Al-Saud) មានបន្ទូលថារាជរដ្ឋាភិបាលរបស់ព្រះអង្គសូមរក្សាសិទ្ធិប្រើវិធានការយោធាតបទៅអ៊ីរ៉ង់វិញ។ ការថ្លែងដូច្នេះក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសនៅក្នុងតំបន់។

មិនមែនតែអារ៉ាប៊ីសាអូឌីតទេដែលរងការវាយប្រហារពីអ៊ីរ៉ង់។ ប្រទេសកាតាក៏ជួបនឹងវាសនាមិនខុសគ្នាប៉ុន្មានឡើយ។ កាលពីពេលកន្លងមក អ៊ីរ៉ង់ប្រកាសថាខ្លួននឹងវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ ប៉ុន្តែចុងក្រោយនេះ អ៊ីរ៉ង់វាយប្រហារដោយមិនប្រកាន់មូលដ្ឋានយោធា ឬទីតាំងអ្វីផ្សេងទេ។ ទោះបីមិនមែនជាផលប្រយោជន៍របស់អាមេរិកក៏អ៊ីរ៉ង់វាយប្រហារដែរ។ អារ៉ាប៊ីសាអូឌីតបញ្ចេញប្រតិកម្មដូចខាងលើនេះបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបាញ់មីស៊ីលជាច្រើនគ្រាប់សំដៅទៅទីក្រុងរីយ៉ាត (រាជធានីរបស់អារ៉ាប៊ីសាអូឌីត)។

តាមពិត អ៊ីរ៉ង់ចង់សងសឹកអ៊ីស្រាអែលដែលវាយប្រហារទីតាំងចម្រាញ់ឧស្ម័នរបស់ខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែនៅពេលអ៊ីរ៉ង់វាយសងសឹក មិនមែនសងសឹកតែអ៊ីស្រាអែលប៉ុណ្ណោះទេ។ ប៉ុន្តែអ៊ីរ៉ង់វាយប្រហាររាលដាលដល់អារ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀត។ ទីតាំងចម្រាញ់ឧស្ម័ន និងប្រេងរបស់ប្រទេសនានាទូទាំងតំបន់មជ្ឈិមបូព៌ាត្រូវអ៊ីរ៉ង់វាយប្រហារ។ ជាពិសេស វាយប្រហារតំបន់ចម្រាញ់ឧស្ម័នដ៏ធំរបស់ប្រទេសកាតា។ លោកត្រាំបញ្ចេញប្រតិកម្មតបនឹងបញ្ហានេះ និងព្រមានវាយកម្ទេចទីតាំងឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតមានបន្ទូលថាអ៊ីរ៉ង់មានចេតនាវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន។ ពេលខ្លះអ៊ីរ៉ង់ចេញមុខវាយប្រហារដោយផ្ទាល់តែម្ដង និងពេលខ្លះអ៊ីរ៉ង់មិនវាយដោយផ្ទាល់ទេ ប៉ុន្តែខ្ចីដៃចលនាប្រដាប់អាវុធនៅក្នុងតំបន់ដែលជាកូនចៅរបស់ខ្លួនដើម្បីវាយប្រហារ។ ព្រះអង្គមានបន្ទូលបន្តទៀតថានៅពេលអ៊ីរ៉ង់វាយប្រហារកាន់តែខ្លាំងធ្វើឱ្យមានផលវិបាកផ្នែកនយោបាយ និងសីលធម៌កាន់តែខ្លាំង។ ច្បាស់ណាស់ថាយើងសូមរក្សាសិទ្ធិចាត់វិធានការយោធានៅក្នុងករណីចាំបាច់។

ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតថ្លែងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលបួនគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់សំដៅទៅរាជធានីរីយ៉ាត។ អំបែងគ្រាប់មួយចំនួនធ្លាក់មកដីក្បែររោងចក្រចម្រាញ់ប្រេង។ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ដាក់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីឆ្នាំ២០២៣។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង ខណៈដែលប្រទេសទាំង២មិនសូវត្រូវគ្នាប៉ុន្មានទេតាំងពីយូរមកហើយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតអះអាងថារដ្ឋាភិបាលរបស់ព្រះអង្គនៅតែគាំទ្រការដោះស្រាយបញ្ហាតាមមធ្យោបាយការទូត។ ប៉ុន្តែបើសិនអ៊ីរ៉ង់មិនព្រមបញ្ឈប់សកម្មភាពវាយប្រហារជាបន្ទាន់ទេ ការជឿទុកចិត្តគ្នាលែងមានតទៅទៀតហើយ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ