ខេត្តកំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម ណែនាំក្រុមការងារទុកដាក់លៀសឲ្យបានល្អ ដើម្បីរក្សាគុណភាព អនាម័យក្នុងព្រឹត្តិការណ៍លៀសហាល ៥តោន ប្រវែង១.២០០ម៉ែត្រ ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ផេន សុផល និងឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត នៃគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។
លោកអភិបាលរងខេត្តកំពង់ចាម និងជាក្រុមអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត បានណែនាំដល់ក្រុមការងាររៀបចំទុកដាក់លៀសឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាឱ្យបាននូវគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្ត ក៏ដូចជា ភ្លក់រសជាតិលៀសហាល ដែលរៀបចំចំនួន៥តោន ប្រវែង១.២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់សោភណភាព និងធានាឱ្យបាននូវគុណភាព អនាម័យ និងរសជាតិឆ្ងាញ់ អនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត សូមណែនាំដល់ក្រុមការងារបច្ចេកទេស និងផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ ជាពិសេសគ្រឿងផ្សំ ត្រូវតែជាគ្រឿងផ្សំល្អៗ និងត្រូវមានរូបមន្តជញ្ជីងថ្លឹងគ្រឿងផ្សំ (អំបិល, ម្ទេស, ខ្ទឹម, ស្ករ) ឱ្យបានត្រឹមត្រូវតាមកម្រិតលៀសនីមួយៗ ដើម្បីធានាថារសជាតិ លៀសទាំង៥តោន តាមបណ្ដោយជួរ១,២០០ម៉ែត្រ អនុវត្តតាមស្ដង់ដារអនាម័យដូចគ្នា និងមានរសជាតិឆ្ងាញ់ដូចគ្នា ៕
ចែករំលែកព័តមាននេះ