ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បានបញ្ជូនប្រព័ន្ធបាញ់ទម្លាក់ដ្រូន និងក្រុមអ្នកជំនាញខាងដ្រូនដើម្បីទៅជួយការពារមូលដ្ឋានយោធារបស់អាមេរិកនៅប្រទេសហ្សកដង់។ នេះបើយោងតាមអ្វីដែលលោកបានថ្លែងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានញូយ៉កថាមស៍ចេញផ្សាយនៅថ្ងៃនេះ។ ប្រភពខ្លះបង្ហើបឱ្យដឹងថាអាមេរិកបានស្នើសុំជំនួយពីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយក្រុមការងាររបស់អ៊ុយក្រែនក៏មិនបង្អែបង្អង់យូរតទៅទៀតដែរ។ ពួកគេបានចាកចេញដំណើរនៅថ្ងៃបន្ទាប់។
លោកហ្សេឡិនស្គីក៏កំពុងស្នើសុំខែលការពារដែនអាកាសច្រើនថែមទៀតដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែនសព្វថ្ងៃនេះខ្វះខាតប្រព័ន្ធការពារដែនអាកាសម៉ាកផេកស្រ៊ី (PAC-3) ដែលផលិតនៅអាមេរិក។ រដ្ឋាភិបាលទីក្រុងកៀវក៏កំពុងព្រួយបារម្ភផងដែរថាបើសិនសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយពេលកាន់តែយូរ វាអាចនឹងធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន។ កាលពីថ្ងៃអង្គារ លោកហ្សេឡិនស្គីបានបោះដៃទៅរកក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ាដើម្បីឱ្យពួកគេផ្ដល់ខែការពារមីស៊ីលទៅឱ្យអ៊ុយក្រែន។ ជាថ្នូរត្រឡប់មកវិញ អ៊ុយក្រែនបញ្ជូនប្រព័ន្ធបាញ់ទម្លាក់ដ្រូន។
នៅពេលអ្នកសារព័ត៌មានថាសួរថាតើលោកចង់ជួយអាមេរិក និងក្រុមសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រដើម្បីចាត់ការជាមួយដ្រូនរបស់អ៊ីរ៉ង់ដោយវិធីណា? លោកហ្សេឡិនស្គីឆ្លើយតបថាសម្រាប់ពេលនេះ លោកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ លោកគិតថានៅសប្ដាហ៍ក្រោយ នៅពេលក្រុមអ្នកជំនាញចុះទៅកន្លែងកើតហេតុ ពួកគេនឹងវាយតម្លៃអំពីស្ថានការណ៍នៅទីនោះ ហើយនិងពិនិត្យមើលថាតើត្រូវជួយដោយរបៀបណា។
លោកហ្សេឡិនស្គីយល់ថាគួរតែបម្លែងពីកាលានុវត្តភាពទៅជាឱកាសដើម្បីប្រយោជន៍ទាំងសងខាង។ លោកថ្លែងដូច្នេះបន្ទាប់ពីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហូឡង់។ ហូឡង់ជាប្រទេសទិញដ្រូនច្រើនៗតាមកម្មវិធី PURL។ តាមរយៈកម្មវិធីនេះ អឺរ៉ុបទិញអាវុធពីអាមេរិកប្រគល់ទៅឱ្យអ៊ុយក្រែន។ កាលពីមុននេះ លោកហ្សេឡិនស្គីធ្លាប់និយាយថា PURL នៅតែបន្តការងាររបស់ខ្លួនជាធម្មតាទោះបីមានសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ។
រហូតមកដល់ពេលនេះ គ្មានការបញ្ជាក់ជាផ្លូវការថាអាមេរិក ឬក្រុមសម្ព័ន្ធមិត្តនៅឈូងសមុទ្រស្វះស្វែងរកជំនួយពីអ៊ុយក្រែននោះទេ។ រុស្ស៊ីប្រើប្រាស់ដ្រូនដែលផលិតនៅអ៊ីរ៉ង់ដើម្បីវាយប្រហារអ៊ុយក្រែននៅក្នុងសង្គ្រាមរយៈពេល៤ឆ្នាំកន្លងទៅនេះ។ ចំណែកអ៊ុយក្រែនបានផលិតប្រព័ន្ធបាញ់ទម្លាក់ដ្រូនដែលមានតម្លៃថោកៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អ៊ុយក្រែនអះអាងថាប្រព័ន្ធបាញ់ទម្លាក់ដ្រូនរបស់ខ្លួនមានគុណភាពឈានមុខគេនៅលើសាកលលោក៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ