ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ៖ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ សូមកុំភ័យ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល បាន​គូសបញ្ជាក់​ថា បើ​ទោះបី​ប្រេង​ឡើងថ្លៃ ធ្យូងថ្ម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល បាន​គូសបញ្ជាក់​ថា បើ​ទោះបី​ប្រេង​ឡើងថ្លៃ ធ្យូងថ្ម ឡើងថ្លៃ​បែប​ណា​ក៏​ដោយ តែ​ថ្លៃ​ភ្លើង​មិន​ឡើងថ្លៃ​ទេ ពោល គឺ​នៅ​ដដែល​មិនបាច់​ព្រួយបារម្ភ​ឡើយ ។ អគ្គិសនី​មិន​ខ្វះ ហើយ​ក៏​មិន​ឡើងថ្លៃ​ដែរ សូម​ឱ្យ​មានការ​ស្ងប់ចិត្ត​ពី​បញ្ហា​នេះ ។

ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦​ថា នា​ពេល​នេះ កម្ពុជា​យើង​សល់​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ពី​៧០ ទៅ​៨០​ភាគរយ​សម្រាប់​ប្រើប្រាស់​វា​រី​អគ្គិសនី គឺ​ទឹក​សល់​ពេញ​អាង​មិន​ខ្វះ​ភ្លើង​ប្រើប្រាស់​សោះឡើយ ។

ដោយឡែក ជុំវិញ​បញ្ហា​ប្រេងសាំង​វិញ​ដែរ ឯកឧត្តម កែវ រតនៈ បាន​ព្រមាន​ថា ៖ «​ចំពោះ​អ្នក​ដែល​មាន​មិន​មាន​អាជ្ញា​បណ្ណ​លក់​ប្រេងសាំង​ហាម​ទិញ​សាំង​ទាំង​កាន​ៗ​យក​ទៅ​ដាក់​លក់ ហើយ​លក់​លើស​ថ្លៃ​នោះ​នឹង​ប្រឈម​ចាប់​តែ​ម្តង ព្រោះថា មិន​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ហើយ​មិន​បាន​គោរព​ស្តង់ដារ​សុវត្ថិភាព​បាន​ត្រឹមត្រូវ ដែល​អាច​ប្រឈម​នឹង​ការ​គ្រោះថ្នាក់ ។

ការ​ដែល​យក​ធុង​ជ័រ​មក​បញ្ច្រក​ដាក់​លក់​មុខ​ផ្ទះ​នឹង​ប្រឈម​ចាប់​ហើយ ។ សុំ​កុំ​ធ្វើ​ដូច្នេះ​» ។ ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​គ្នា ដើម្បី​សន្តិភាព​ដូច​យើង​ចូលរួម​គ្នា ការពារ​ទឹកដី ពេល​លំបាក​មិន​ត្រូវ​ឆ្លៀត​កេងប្រវ័ញ្ច​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ខណៈ​ពេល​លំបាក គឺ​ពេល​ដែល​ចាប់ដៃ​គ្នា ដើម្បី​ឆ្លង​គ្រានេះ​ឱ្យ​ផុត​ដើម្បី​យើង​ស្រួល​ទាំងអស់​គ្នា ដើម្បី​ជាតិខ្មែរ​ជា​កិត្តិយស​យើង​ជួយ​គ្នា មិនមែន​ឆ្លៀតឱកាស​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ទេ ហើយ​រាជរដ្ឋាភិបាល​នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន​ធ្វើការ​ត្រឹមត្រូវ និង​ដាក់​វិន័យ​ចំពោះ​អ្នកធ្វើការ​មិន​ត្រឹមត្រូវ​។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ក្រសួង​នឹង​ចេញ​វិធានការ​បន្តបន្ទាប់​រឿង​ថ្លៃ រឿង​បញ្ហា​ផ្គត់ផ្គង់ ហើយ​និង​ការ​ចែកចាយ​របស់​ក្រុមហ៊ុន ។

ឯកឧត្តម រដ្ឋមន្ដ្រី​ក៏​បាន​ព្រមាន​ដែរ​ចំពោះ​ស្ថានីយប្រេងឥន្ធនៈ​ដែល​ចែកចាយ​បន្ត​គ្នា​ពី​ស្ថានីយប្រេងឥន្ធនៈ​មួយ​ទៅ​ស្ថានីយប្រេងឥន្ធនៈ​ទៀត ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ថ្លែ​ហើយ​ប្រេង​ចាស់​តម្លៃ​ដូច​ម្តេច ហើយ​ប្រេង​នាំ​ចូល​ថ្មី​តម្លៃ​យ៉ាងណា​ត្រូវ​លក់​ទៅ​តាម​ទីផ្សារ ។

ដោយឡែក​ចំពោះ​ស្ថានីយប្រេងឥន្ធនៈ​ណា​ដែល​ឆ្លៀតឱកាស​ផ្ទុក​ប្រេងសាំង​ទុក​ដ៏​ច្រើន ហើយ​បិទទ្វារ​មិន​លក់ ដើម្បី​ទុក​តម្លើង​ថ្លៃ​នោះ​ក៏​ប្រឈម​នឹង​ត្រូវ​បិទ​សិទ្ធិ​លែងឱ្យ​លក់​មួយ​ជីវិត​ដូច​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ