ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ មន្ត្រីក្រសួងបរិស្ថានបានពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ទីតាំងឃ្លាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ដែលបង្កអគ្គិភ័យ និងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។ គួររំលឹកថា ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយដ៏ធំ ក្នុងស្រុកឱរ៉ាល់ កាល៣ថ្ងៃមុន
មន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន បានទៅពិនិត្យកន្លែងកើតហេតុនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីកើតមានអគ្គិភ័យកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។ បើតាមការពិនិត្យ សំណល់ជាច្រើនប្រភេទ ត្រូវបានស្តុកទុកលើផ្ទៃដីប្រហែល ១,៥ហិកតា រួមមាន៖
-ខ្សែអគ្គិសនី និងខ្សែកាបអគ្គិសនីរាប់សិបតោន ។
-ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ចាស់ៗ។
-កុងតឺន័រចាស់ៗ ម៉ូតូ ម៉ូតូកង់បី និងយានយន្តចាស់ ៗ ។
-សំណល់យន្តហោះខូច១គ្រឿង និងលោហធាតុចាស់ៗជាច្រើន ។
ទីតាំងឃ្លាំងស្តុកអេតចាយដ៏ធំនៅក្នុងស្រុកឱរ៉ាល់នេះ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ ប៉ុន្តែដំណើរការអាជីវកម្មនេះ មិនមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថានឡើយ ។
អគ្គិភ័យបានបង្កជាផ្សែងខ្មៅក្រាស់ និងក្លិនឈ្ងៀមឆួលខ្លាំង ចាប់តាំងពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ហើយនៅមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ រហូតមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដែលផ្នែកខ្លះនៅតែឆេះហុយ ។
នៅក្នុងប្រតិបត្តិការនេះ រដ្ឋបាលខេត្តសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ដើម្បីទប់ស្កាត់និងពន្លត់ភ្លើង ។
មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការស្តុកសំណល់រឹងខុសច្បាប់ អាចបង្កហានិភ័យអគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនត្រឹមត្រូវ ដែលអាចនាំឱ្យមានវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរុឹងផងដែរ ។
ការឆេះឃ្លាំងស្តុកអេតចាយដ៏ធំនៅស្រុកឱរ៉ាល់មកពីកម្មករដុតស្មៅ
តាមព័ត៌មានបន្ថែម គិតត្រឹមព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចខេត្ត បានធ្វើអន្តរាគមន៍ពន្លត់ឲ្យរលត់ទាំងស្រុងហើយ ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ប្រាប់ឲ្យដឹងតាមទូរស័ព្ទ ។ លោកស្នងការបានឲ្យដឹងថា ករណីឆេះឃ្លាំងស្តុកអេតចាយនៅក្នុងស្រុកឱរ៉ាល់ គឺផ្ដើមចេញពីកម្មករដុតស្មៅ ហើយគិតថារលត់ ប៉ុន្តែបានឆេះរាលដាលខូចខាតយ៉ាងច្រើន ប៉ុន្តែកម្លាំងសមត្ថកិច្ចបានទៅអន្តរាគមន៍ពន្លត់ឲ្យរលត់
ទាំងស្រុងហើយ ។
គួររំឭកថា នៅវេលាម៉ោងប្រមាណ២និង១០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកអេតចាយ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីភ្លើងឆេះឃ្លាំងស្តុកអេតចាយមានទំហំ៩០ម៉ែត្រគុណនឹង១៦០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខហាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នកចាំឃ្លាំងឈ្មោះ ស្រី ឈៀង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ បណ្តាលឱ្យឆេះខូចខាតសម្ភារៈអេតចាយអស់មួយចំនួនធំ ។
សមត្ថកិច្ចខេត្តបានឲ្យដឹងថា ក្នុងការធ្វើអន្តរាគមន៍ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុខម៉ុល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន២គ្រឿង កម្លាំងសរុប១២០នាក់ ប្រើប្រាស់ទឹកអស់សរុបចំនួន១៤៥រថយន្ត ។ ប៉ុន្តែទំហំនៃការខូចខាតឃ្លាំងស្តុកអេតចាយដ៏ធំនៅំស្រុកឱរ៉ាល់នេះ មិនទាន់អាចប៉ាន់ប្រមាណថា គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ ។
ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ
ក្រោយពីផ្ទុះបាតុភាពប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ក្រោយការឆេះឃ្លាំងស្តុកអេតចាយដ៏ធំនៅខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ចុះពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យបានច្បាស់លាស់ នូវការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែង ទំហំជាង១ហិកតាត្រូវភ្លើងឆេះ ដែលបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងបានឱ្យដឹងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ថា បទបញ្ជានេះ ធ្វើឡើងក្រោយពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ។
ក្រសួងបានបញ្ជាក់ថា ការត្រួតពិនិត្យនេះ មានគោលបំណងបង្ការហានិភ័យបរិស្ថាន ដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនបានត្រឹមត្រូវ ដែលអាចកើតមាននៅទីតាំងស្តុកសំណល់ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ។ ការត្រួតពិនិត្យនៅទូទាំងប្រទេសនេះ ក៏មានគោលបំណងដើម្បីពង្រឹងការតាមដាន និងធានាថា សកម្មភាពគ្រប់គ្រងសំណល់មិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកនៅក្បែរទីតាំងផ្ទាល់ ។
ក្រសួងបានណែនាំដូច្នេះថា «មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ការត្រួតពិនិត្យនេះ នឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ» ។
ក្រសួងក៏បានព្រមានថា អាជីវកម្មណាដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថានអាចប្រឈមមុខនឹងវិធានការរដ្ឋបាល ឬចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា ។
ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ បានហាមឃាត់សកម្មភាពស្តុកទុក បញ្ចេញ
ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ឬទ្រព្យសម្បត្តិ ។ ចំណែកមាត្រា៨៤៤ កំណត់ថា អ្នកប្រព្រឹត្តអំពើល្មើសបែបនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារ ពី១ដល់៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០លានរៀល ក្នុងករណីបន្តប្រព្រឹត្តបទល្មើសដដែលនេះ ៕













ចែករំលែកព័តមាននេះ