ខេត្តកំពង់ស្ពឺ៖ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងរួចរាល់អស់ហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺតាមទូរស័ព្ទ។ គួររំលឹកថា មិនទាន់ដឹងមូលហេតុ! ករណីឆេះឃ្លាំងស្តុកអេតចាយដ៏ធំនៅស្រុកឱរ៉ាល់ កាលពីម្សិលមិញ
លោកស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថាករណីឆាប់ឆេះឃ្លាំងស្តុកអេតចាយ នៅក្នុងស្រុកឱរ៉ាល គឺផ្ដើមចេញពីកម្មករដុតស្មៅហើយគិតថារលត់ ប៉ុន្តែឆេះរាលដាល ឆាបឆេះរងការខូចខាតយ៉ាងច្រើន ប៉ុន្តែកម្លាំងសមត្ថកិច្ចរបស់លោកធ្វើកិច្ចអន្តរាគមន៍ពន្លត់ទាំងស្រុងរួចរាល់អស់ហើយ។
សូមរំលឹកឡើងិវញថា កាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកអេតចាយ ស្ថិតនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មានករណីគ្រោះអគ្គីភ័យ ភ្លើងឆេះឃ្លាំងស្តុកអេតចាយ មានទំហំ ៩០ម្រ៉ែត គុណនិង១៦០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នកចាំឃ្លាំងឈ្មោះស្រី ឈៀង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យឆេះខូចខាតសម្ភារៈអេតចាយ អស់មួយចំនួនធំ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា កិច្ចប្រតិបត្តិការពីថ្ងៃទី៥ដល់ថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ស្រី សុខម៉ុល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងអគ្គីភ័យ បានអនុវត្តន៍និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៩គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន០២គ្រឿង។ កម្លាំងសរុប១២០នាក់ ប្រើប្រាស់ទឹកអស់សរុប ចំនួន១៤៥រថយន្តផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថាទំហំនៃការខូចខាតឃ្លាំងស្តុបអេតចាយដ៏ធំប្រចាំស្រុកឱរ៉ាល់នោះមិនទាន់អាចប៉ាន់ប្រមាណថាអស់ថវិការប៉ុន្មាននោះទេ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាមូលហេតុដែលបណ្ដាញឆេះឃ្លាំងស្តុកអេតចាយនោះ បណ្តាលមកពីកម្មករដុតស្មៅនឹកស្មានថាភ្លើងរលត់ មានការធ្វេសប្រហែស ទើបបណ្ដាលឱ្យឆេះតែម្ដង។ ករណីខាងលើនេះមិនមានបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕









ចែករំលែកព័តមាននេះ