ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារ និងសណ្តាប់ធ្នាប់ក្នុងខេត្ត។
លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយផ្ទាល់ ដើម្បីបង្ការការតម្លើងថ្លៃខុសប្រក្រតីដែលផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់ចេញនូវណែនាំសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖ ១-ការពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់មន្ទីរ-អង្គភាពជំនាញ រួមជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់ម្ចាស់ក្រុមហ៊ុន ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់។ ម្ចាស់អាជីវកម្មត្រូវតែអនុវត្តតាមគោលការណ៍របស់ក្រសួងពាណិជ្ជកម្មឱ្យបានខ្ជាប់ខ្ជួនបំផុត ទាំងការគ្រប់គ្រងហានិភ័យ និងការធានាសុវត្ថិភាពជូនអតិថិជន។
២-ការគ្រប់គ្រងការប្រើប្រាស់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុអាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់សាធារណជន “ជៀសវាងដាច់ខាតការសម្រុកទិញប្រេងឥន្ធនៈមកស្តុកទុកដោយពុំមានការចាំបាច់” ព្រោះវាអាចបង្កជាហានិភ័យគ្រោះអគ្គិភ័យ ឬគ្រោះអាសន្នផ្សេងៗ ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សន្តិសុខសង្គម។
៣-ការតាមដានតម្លៃ និងគុណភាពនៅតាមស្ថានីយមន្ត្រីជំនាញត្រូវចុះពិភាក្សា និងក្តាប់ព័ត៌មានជាក់ស្តែងតាមបណ្តាដេប៉ូ និងស្ថានីយប្រេង។ ការលក់ត្រូវតែគោរពតាម៖បទដ្ឋានគុណភាព៖ ស្របតាមស្តង់ដារបច្ចេកទេស។
មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃខុសប្រក្រតី ដើម្បីកេងចំណេញពីប្រជាពលរដ្ឋឡើយ។រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា គ្រប់អង្គភាពពាក់ព័ន្ធត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងដាក់ចេញវិធានការបន្តឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ការអនុវត្តវិធានការនេះ ធ្វើឡើងក្នុងគោលបំណងរក្សាតុល្យភាពសេដ្ឋកិច្ច និងធានាសុវត្ថិភាពសាធារណៈ៕




ចែករំលែកព័តមាននេះ