រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បានណែនាំទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ មិនឱ្យមានការប្រើឡានបាញ់ទឹក រាំរែកឡើយ ប៉ុន្តែលើកទឹកចិត្តលេងល្បែងប្រជាប្រិយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចបានអញ្ជើញជាធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ហើយក៏ជាឱកាសមួយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមចែករំលែកនូវភាពសប្បាយរីករាយទៅកាន់ជនភៀសសឹក និងបង្ហាញប្រាប់ទៅកាន់កងទ័ពជួរមុខ ថាការខិតខំលះបង់របស់ពួកគាត់ ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានភាពកក់ក្ដៅ មានភាពធន់ និងសាមគ្គីភាពខ្ពស់។ យ៉ាងណាក៏ដោយ សម្ដេចក៏បានណែនាំទៅកាន់អាជ្ញាធររាជធានីខេត្ត លេងល្បែងប្រជាប្រិយខ្មែរឲ្យបានផុសផុល និងចៀសវាង នូវការលេងកាំភ្លើងបាញ់ទឹក ឡានបាញ់ទឹក និងប៉ាតម្ស៉ៅជាដើម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ហើយទី២ ថែមទាំងប្រមូលគ្នា ដើម្បីរៀបចំ នូវផែនការគិតគូរទៅដល់ជនភៀសសឹក និងកងទ័ពរបស់យើងនៅខាងតទៅទៀតតាមរយៈសកម្មភាពជាច្រើន ដែលខ្ញុំបានលើកអម្បាញ់មិញនេះ។ នេះគឺជាអ្វី ដែលខ្ញុំសូមគាំទ្រទៅឲ្យការរៀបចំនេះ។ ប៉ុន្តែសកម្មភាពមួយចំនួន មិនគួរទេអាបាញ់ទឹក បាញ់អីហ្នឹងទុកទៅ តាមខេត្តមួយៗទុកឡានទឹកបាញ់ពន្លត់អគ្គិភ័យ ហើយត្រៀមលក្ខណៈគ្រោះអគ្គិភ័យ ព្រោះគ្រោះថ្នាក់ច្រើន រឿងបាញ់សាប៊ូ បាញ់ទឹកអីកុំ។ ប៉ុន្មានឆ្នាំមុនបាញ់ទឹកអត់សូវមានទេ កាលហ្នុងយើងលេងល្បែងប្រជាប្រិយច្រើនណាស់ យកឱកាសហ្នឹងលេងល្បែងប្រជាប្រិយឲ្យច្រើនទៅ។ ប៉ាតម្ស៉ៅអីទុកសិនទៅ សប្បាយដូចតែគ្នាទេ មិនបាច់មានកាំភ្លើងបាញ់ទឹកទេ។ បំផុសប្រពៃណីវប្បធម៌ ជាច្រើនផ្សេងៗ ដែលមាន ធ្វើមិចឲ្យខេត្តមួយៗមានសកម្មភាព» ។
សូមជម្រាបថា នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញឲ្យឃើញថា ការចូលរួមអបអរសាទររបស់បងប្អូនខ្មែរ មិនមែនជាភ្លេចគិតពីទឹកដី និងបង្ហាញពីការមិនយកចិត្តទុកដាក់លើដែនអធិបតេយ្យភាពនោះឡើយ តែផ្ទុយទៅវិញ វាបានបង្ហាញអំពីភាពរឹងមាំ មិនងាយបំបាក់បាន និងការជម្នះរាល់ការលំបាកទាំងឡាយដើម្បីងើបដើរទៅមុខទាំងអស់គ្នា នៃប្រជាជនកម្ពុជាទាំងមូល ៕




ចែករំលែកព័តមាននេះ