រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ មានអាការៈមិនស្រួលខ្លួន គាត់ក៏បានហៅម៉ូតូកង់បី ១គ្រឿង ជិះទៅរកគ្លីនិកចិន «ឈួន អ៊ី» ដើម្បីឲ្យគ្រូពេទ្យ នៅទីនោះ ជួយព្យាបាល ទាំងវេលាទៀបភ្លឺ ពេលទៅដល់គ្លីនិកនោះបិទទ្វារ គាត់ក៏គោះទ្វារ និងស្រែកហៅ។ ប៉ុន្តែខណៈនោះម្ចាស់គ្លីនិកអត់បើកទ្វារឲ្យចូលទេ គាត់ក៏បានអង្គុយលើបង់ថ្ម នៅមុខគ្លីនិកនោះ រង់ចាំពេទ្យទាំងមានអាការៈក្អួតចង្អោររហូតដល់ស្លាប់បាត់បង់ជីវិត នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ។
សាកសពបុរនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ក្បែរបង់ថ្ម នៅមុខគ្លីនិកចិន «ឈួន អ៊ី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។
បុរសជនជាតិចិន ដែលស្លាប់នេះឈ្មោះ LIU JIANGCHAO អាយុ៦០ឆ្នាំ ស្នាក់នៅតាមបណ្ដោយមហាវិថីចោមចៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែពុំដឹងថា ភូមិត្រពាងថ្លឹងទីប៉ុន្មាននោះឡើយ ។
ប្រជាពលរដ្ឋ បាននិយាយថា នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃកើតហេតុ បុរសជនជាតិចិនរូបនេះ មានអាការៈមិនស្រួលខ្លួន គាត់ក៏បានហៅម៉ូតូកង់បី ១គ្រឿង ជិះទៅរកគ្លីនិកចិន «ឈួន អ៊ី»នេះ ដើម្បីឲ្យគ្រូពេទ្យនៅទីនោះជួយព្យាបាល។ ពេលទៅដល់គ្លីនិកនោះបិទទ្វារ គាត់ក៏គោះទ្វារ និងស្រែកហៅខ្លាំងៗ ប៉ុន្តែខណៈនោះ ម្ចាស់គ្លីនិកអត់បើកទ្វារឲ្យចូលទេ ដោយពុំដឹងថា ម្ចាស់គ្លីនិកនោះមិនហ៊ានបើកទ្វារទទួលព្យាបាល ព្រោះតែខ្លាចជនខិលខូចឆ្លៀតឱកាលធ្វើបាប ឬក៏បែបណានោះទេ ។
ប្រជាពលរដ្ឋ បាននិយាបន្តថា បន្ទាប់មកបុរសនោះ មិនបានចាកចេញទៅរកគ្លីនិក ឬមន្ទីរពេទ្យផ្សេងទៀតនោះទេ គាត់បានអង្គុយលើបង់ថ្ម នៅមុខគ្លីនិកនោះ រង់ចាំឲ្យម្ចាស់គ្លីនិកបើកទ្វារ ទាំងមានអាការៈក្អួតចង្អោរថែមទៀតផង ដែលទំនងជាគាត់មិនស្រួលខ្លួនខ្លាំងហើយមើលទៅ។ ប៉ុន្តែខណៈនោះ ពុំមាននរណាចូលទៅជិតគាត់នោះទេ ហើយក្រោយមក ពុំដឹងថា គាត់មានរឿងអ្វីទៀតនោះឡើយ ព្រោះពេលនោះ ទើបតែម៉ោងជាង៣ទៀបភ្លឺ ហើយអ្នកដែលបានឃើញសកម្មភាពបុរសជនជាតិចិននោះ បាននាំគ្នាចូលក្នុងផ្ទះវិញ ហើយដេកលង់លក់អស់ទៅ ។
ប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះដល់ព្រឹកឡើងមេឃភ្លឺច្បាស់ ស្រាប់តែប្រទះឃើញបុរសនោះដេកស្លាប់ នៅក្បែរបង់ថ្ម មុខគ្លីនិកនោះបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើលជាក់ស្ដែងតែម្ដង ។
ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងនោះរួចយកខ្សែចងព័ទ្ធការពារកន្លែងកើតហេតុ ។ បន្ទាប់មករាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យកោសល្យវិច័យ រកមូលហេតុ នៃការស្លាប់នោះ ។ ជាលទ្ធផលបញ្ជាក់ថា បុរសនោះស្លាប់ដោយជំងឺខ្យល់គ បន្ទាប់មក នគរបានបាននាំយកសព ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញរច់ចាំក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ ៕



ចែករំលែកព័តមាននេះ