រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងបញ្ចេញរថយន្តក្រុងចំនួន ៦០០គ្រឿង ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មុខនេះ ដោយមិនគិតថ្លៃ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ថ្លែងក្នុងពិធីបិទ “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន” រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា តាមអភិបាលរាជធានីភ្នំពេញ គ្រោងបញ្ចេញរថយន្តក្រុង ចំនួន៥៨០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានី ទៅកាន់បណ្តាខេត្តនានា នៅក្នុងឲ្យកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ប៉ុន្តែសម្តេចស្នើឲ្យបញ្ចេញរថយន្តក្រុង ចំនួន៦០០គ្រឿង តែម្តង សម្រាបដឹកជញ្ជួនប្រជាពលរដ្ឋទាំងទៅ ទាំងមក ដោយមិនគិតថ្លៃ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បណ្តាក្រុមហ៊ុនឯកជននានា ដែលធ្លាប់ផ្តល់ជាទឹកបរិសុទ្ធ ឬភេជ្ជៈផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋពេលធ្វើដំណើរ ទៅស្រុកកំណើតនាបុណ្យចូលឆ្នាំខ្មែរកន្លងមក បន្តផ្តល់ជូនទៀតផងដែរ ។
សូមជម្រាបថា កាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង នឹងបម្រើសេវាដឹកជញ្ជូនពលរដ្ឋរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងចំណោមរថយន្តក្រុងទាំងចំនួន ៥៩៧គ្រឿងនេះ មាន១០០គ្រឿង នឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការតម្រាយខ្សែរត់ក្នុងរាជធានីភ្នំពេញ។ ចំណែក ៤៩៧គ្រឿងទៀត នឹងដាក់ឱ្យបម្រើសេវាដឹកជញ្ជូនពលរដ្ឋ ចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ។ ក្នុងរថយន្តក្រុងនីមួយៗ ក៏មានរៀបចំទឹកបរិសុទ្ធ ដោយឥតបង់ថ្លៃផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកម្មករ-និយោជិត និងពលរដ្ឋទាំងអស់ ងាកមកធ្វើដំណើរតាមរយៈរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញវិញ ដើម្បីកាត់បន្ថយការចំណាយ ៕


default
ចែករំលែកព័តមាននេះ