រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយនឹងឧបត្ថម្ភ៥ម៉ឺនរៀលបន្ថែមទៀតក្នុងម្នាក់ៗ នៅពេលដល់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ។ នេះបើតាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងការឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី និងពិធីបុណ្យភ្ជុំបិណ្ឌ ។
អនុក្រឹត្យបានលើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តអនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើលទ្ធភាពដែលរាជរដ្ឋាភិបាលបានសន្សំសំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ ។
ប្រភពបានលើកឡើងថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយត្រូវគោរពគោលការណ៍ ដូចខាងក្រោម៖
១-ការបើកផ្តល់ប្រាក់ឧបត្ថម្ភដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់ សាមីជន ឬគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ។
២-ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជនម្នាក់ៗ គ្រប់ចំនួននិងទាន់ពេលវេលា។
៣-និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រី នគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ឬ មុខតំណែងផ្សេងទៀតដែលមានបញ្ជាក់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៤-ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៣ខាងលើ។
អនុក្រឹត្យបានលើកឡើងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្តល់ ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សរ៍ប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែតុលា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតមុនថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើជាក់ស្តែងអំពីចំនួនមន្ត្រីដែលត្រូវទទួលប្រាក់ឧបត្ថម្ភមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំប្រកាសបន្ថែមឥណទានថវិកាជូនទាន់ពេលវេលានិងធានាឱ្យការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះអនុវត្តបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ