រាជធានីភ្នំពេញ ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ប្រភពបានលើកឡើងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់លោក សេង ហៀង, លោក ចើង ជើងគ័ង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់, ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scams ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជា ៖ កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង ទូរសព្ទដៃ ចំនួន ៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរសព្ទបរទេសមួយចំនួនធំទៀតផងដែរ ។
បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕



ចែករំលែកព័តមាននេះ