ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការក្ដៅនៅក្រុងប៉ោយប៉ែត៖ដាក់ឱសានវាទ​ដល់ម្ចាស់អាជីវកម្ម​ត្រូវកែសម្រួលផ្លាកយីហោអក្សរបរទេស និងប្រើប្រាស់ប្រាក់រៀលជាដាច់​ខាត

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ២០២៦​កន្លង​ទៅ បាន​ចេញ​សេចក្ដីជូនដំណឹងស្ដី​ពី​ការ​ចាត់វិធានការ​នានា​ចំពោះ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ដែល​មិន​ទាន់​មានច្បាប់ ហើយ​មាន​ដាក់​ផ្លា​ក​សញ្ញា​អក្សរ​បរទេស​ធំ​ជាង​អក្សរ​ខ្មែរ និង​ទូទាត់​ជា​ប្រាក់​បាត​មិន​យក​ប្រាក់​រៀល ។…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ២០២៦​កន្លង​ទៅ បាន​ចេញ​សេចក្ដីជូនដំណឹងស្ដី​ពី​ការ​ចាត់វិធានការ​នានា​ចំពោះ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ដែល​មិន​ទាន់​មានច្បាប់ ហើយ​មាន​ដាក់​ផ្លា​ក​សញ្ញា​អក្សរ​បរទេស​ធំ​ជាង​អក្សរ​ខ្មែរ និង​ទូទាត់​ជា​ប្រាក់​បាត​មិន​យក​ប្រាក់​រៀល ។

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជម្រាប​ជូន​ដល់​ម្ចាស់​អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់​ជួល ផ្ទះ​មាន​បន្ទប់​ជួល ភោជនីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ ស្នូកឃ័រ ការ​លើក​ផ្លា​ក​យីហោ ក្នុង​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​លក់ដូរ​គ្រប់​ប្រភេទ ។

កន្លង​មកនេះ រដ្ឋបាល​ក្រុង​សង្កេត​ឃើញ​ថាអាជីវកម្ម​ជា​ច្រើន​បាន​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ការ​ដាក់​តាំង​លក់​លើ​ដងផ្លូវ​សាធារ​ណៈ ការ​ដាក់​ផ្លា​ក​យីហោ ផ្ទាំង​ផ្សព្វ ផ្សាយ​ពា ណិជ្ជកម្ម​ខុស​អក្ខរាវិរុទ្ធ អក្សរ​បរទេស​ធំ​ជាងអក្សរ​ខ្មែរ​ដែល​ជា​អក្សរ​ជាតិ ឬ​លើ​អក្សរ​ខ្មែរ​ការ​ដាក់​តម្លៃ​ឬ​ទូទាត់​ជា​ប្រាក់​បាត​មិន​យក​ប្រាក់​រៀល​ជាដើម ដែល​ទាំង​អស់នេះ​ធ្វើ​ឱ្យ​ខូចខាត​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោភ័ណ​ភាព​ទីក្រុង និង​ប៉ះពាល់​ដល់​តម្លៃ​ជាតិ​ធ្ងន់ធ្ងរ ។

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ខាងលើ​ដូច​ខាងក្រោម ៖

១-​គ្រប់​អាជីវកម្ម​ដែល​ពុំ​ទាន់​មានច្បាប់​អនុញ្ញាត ត្រូវ​មក​ធ្វើ​ទំនាក់ទំនង​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ ។

២-​ការ​ដាក់​ទីតាំង​ទំនិញ ផ្លា​ក​យីហោ ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ ត្រូវ​នៅ​លើ​ដី​កម្ម

សិទ្ធិ​របស់​ខ្លួន ហាម​ដាច់ខាត​លក់​ឬ​ដាក់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ ។

៣-​គ្រប់​ផ្លា​ក​យីហោ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និមិត្តសញ្ញា​ផ្សេង​ៗ ត្រូវ​ប្រើ​ជា​ភាសា​ខ្មែរតាម​ពាក្យពេចន៍​អក្ខរាវិរុទ្ធ​នៃ​វចនានុក្រម​សម្តេចព្រះ​មហាសុមេធាធិបតី​ជោ​ត​ញ្ញា​ណោ ជួន ណាត បោះពុម្ព​នា​ឆ្នាំ​១៩៦៧-១៩៦៨​ជា​មូលដ្ឋាន ប្រសិន​បើ​មាន​ភាសាបរទេស​ត្រូវ​នៅ​ក្រោម​អក្សរខ្មែរ ហើយ​មាន​ទំហំ​តូច​ជាង​អក្សរ​ខ្មែរ​ពាក់កណ្តាល​(៥០%)​ជា​ដាច់ខាត ។

៤-​រាល់​ការ​ដាក់​តម្លៃ​ក្នុង​បញ្ជី​មុខទំនិញ និង​ទូទាត់​ប្រាក់​ត្រូវ​គិត​ជា​ប្រាក់​រៀល​ជា​មូលដ្ឋាន ។

៥-​ត្រូវ​វេច​ខ្ចប់​ទុកដាក់ និង​ភ្ជាប់​សេវា​សំរាម​ជាមួយ​ក្រុមហ៊ុន​ឱ្យ​បាន​ត្រឹមត្រូវ ។

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​តម្រូវ​ឱ្យ​ម្ចាស់អាជីវកម្ម​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឱ្យ​បាន​ឆាប់​បំផុត ។ ក្នុង​ករណី​មិន​ទាន់​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ក្រុង​នឹងចាត់តាំង​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​រុះរើ​ផ្លា​ក​អាជីវកម្ម​ភ្លាម​ៗ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ