ខេត្តកណ្តាល ៖ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាកត្តាហានិភ័យចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមជាតិ ។ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ខ្លួនឯង និងអ្នកដទៃ ការយល់ដឹងអំពីកម្រិតកំណត់នៃជាតិអាល់កុលដែលច្បាប់បានចែង គឺជាកាតព្វកិច្ច ដែលអ្នកបើកបរគ្រប់រូបមិនអាចមើលរំលងបានឡើយ ។
ជាក់ស្តែងបើយោងតាមការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកណ្ដាល បានប្រកាស នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះថា ៖ ហាមពិសាគ្រឿងស្រវឹង ដែលបណ្តាលឲ្យមានអត្រាជាតិអាល់កុល ចាប់ពី០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៥០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ។
រូបតំណាងដោយAI
សូមបញ្ជាក់ថា នៅពេលដែលជាតិអាល់កុលក្នុងខ្លួនឡើងដល់ ឬហួសកម្រិតខាងលើ វានឹងធ្វើឱ្យប្រព័ន្ធប្រសាទ និងខួរក្បាលរបស់អ្នកបើកបរចុះខ្សោយ ដែលនាំឱ្យបាត់បង់ម្ចាស់ការលើការសម្រេចចិត្ត ភ្នែកមើលលែងច្បាស់ និងប្រតិកម្មតបតជាមួយស្ថានភាពចំពោះមុខមានភាពយឺតយ៉ាវ ។ កត្តាទាំងនេះហើយដែលជាដើមចមនាំឱ្យកើតមានគ្រោះថ្នាក់ដែលយើងមិនអាចស្មានទុកជាមុនបាន ។
បន្ថែមពីនេះទៀត ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងសង្គមជាតិ សូមប្រកាន់ខ្ជាប់នូវពាក្យស្លោក «បើស្រវឹង កុំបើកបរ » ។ ការឈប់ពិសាគ្រឿងស្រវឹងនៅពេលត្រូវបើកបរ មិនត្រឹមតែជាការគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់តម្លៃដល់ជីវិតខ្លួនឯង និងជីវិតអ្នកធ្វើដំណើរដទៃទៀតដែលកំពុងរួមផ្លូវជាមួយអ្នក ៕
ចែករំលែកព័តមាននេះ