ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ព្រះភៃសជ្យគុរុ»៖ ព្រះពុទ្ធគ្រូថ្នាំនៃសម័យអង្គរ និងអាថ៌កំបាំងនៃការព្យាបាលជំងឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទាន់​បាន​ស្គាល់ ឬ​ធ្លាប់​ឮ​ព្រះ​នាម «​ព្រះ​ភៃស​ជ្យ​គុរុ​» ឬ​«​ព្រះពុទ្ធ​គ្រូថ្នាំ​» នៅឡើយ​ទេ​។ ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ និង​ប្រជាជន​មួយ​ចំនួន​ដែល​ស្គាល់​ព្រះ​អង្គ តែង​មាន​ជំនឿ​មុតមាំ​ថា…

ខេត្តសៀមរាប ៖ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទាន់​បាន​ស្គាល់ ឬ​ធ្លាប់​ឮ​ព្រះ​នាម «​ព្រះ​ភៃស​ជ្យ​គុរុ​» ឬ​«​ព្រះពុទ្ធ​គ្រូថ្នាំ​» នៅឡើយ​ទេ​។ ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ និង​ប្រជាជន​មួយ​ចំនួន​ដែល​ស្គាល់​ព្រះ​អង្គ តែង​មាន​ជំនឿ​មុតមាំ​ថា ព្រះ​អង្គ​គឺជា​ព្រះ​ទេព​សង្គ្រោះ​ជីវិត និង​ជា​អ្នក​ព្យាបាល​រាល់​ជំងឺ​តម្កាត់​ទាំងឡាយ​របស់​មនុស្សលោក ។ ក្នុង​សម័យ​បុរាណ ការ​គោរព​បូជា​ព្រះ​ភៃ​ស​ជ្យ​គុរុ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ជា​ពិសេស ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។

យោង​តាម​សិលាចារឹក​ប្រាសាទតាព្រហ្ម​បាន​បញ្ជាក់​ថា ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​អង្គ​បាន​កសាង​មន្ទីរពេទ្យ (​អ​រោ​គ្យ​សាលា​) ចំនួន​១០២​កន្លែង ដែល​សុទ្ធសឹងតែ​មាន​តម្កល់​រូប​ព្រះ​បដិមា​ភៃ​ស​ជ្យ​គុរុ​សម្រាប់​គោរព​បូជា ។ «​ភៃ​ស​ជ្យ​គុរុ​» ជា​ភាសាសំស្ក្រឹត មាន​ន័យ​ថា «​ព្រះពុទ្ធ​ជា​គ្រូថ្នាំ​» ឬ «​ព្រះពុទ្ធ​ជា​អ្នក​ព្យាបាល​ជំងឺ​» ដែល​ជា​ជំនឿ​ដ៏​សំខាន់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​មហាយាន ។

បើ​តាម​ប្រសាសន៍​របស់​លោកស្រី ជន ចន្ទ​ណា​រ័​ត្ន មគ្គុទ្ទេសក៍​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ​បានឱ្យ​ដឹង​ថា ព្រះ​បដិមា​ភៃ​ស​ជ្យ​គុរុ គឺជា​ទម្រង់​នៃ​ព្រះពុទ្ធ​ដែល​គង់​ភ្នែន​ក្នុង​កាយវិការ​សមាធិ ដោយ​មាន​ទ្រ​វត្ថុ​ស័ក្តិសិទ្ធិ​ម្យ៉ាង​នៅ​លើ​បាត​ព្រះ​ហត្ថ ។ ព្រះ​បដិមា​ខ្លះ​មាន​ទ្រ​ផ្លែ​ឈើ​រាង​មូល​ទ្រវែង ដែល​គេ​ជឿ​ថា ជា​ផ្លែ​ស្រម៉ និង​ខ្លះ​ទៀត​មាន​រាង​ជា​ដន្លាប់ ឬ​ភាជន៍ ដែល​អ្នក​ស្រាវជ្រាវ​មានការ​សន្និដ្ឋាន​ខុស​ៗ​គ្នា​ទៅ​លើ​វត្ថុ​ទាំងនោះ ។

ក្នុង​សិល្បៈ​ខ្មែរ ព្រះ​ភៃ​ស​ជ្យ​គុរុ​ត្រូវ​បាន​បង្ហាញ តាម​៣​ទម្រង់​សំខាន់​ៗ៖ ទម្រង់​ទី​១៖ ព្រះ​បដិមា​ព្រះពុទ្ធ​គង់​ភ្នែន​តែឯង (​បដិមា​ទោល​)​។ -​ទម្រង់​ទី​២៖ ព្រះ​បដិមា​ព្រះពុទ្ធ​គង់​ភ្នែន អម​ដោយ​ព្រះ​ពោធិសត្វ ២​អង្គ គឺ​ព្រះ​លោ​កេ​សូរ​នៅ​ខាងស្តាំ និង​ព្រះ​នាង​ប្រាជ្ញា​បារមី​នៅ​ខាងឆ្វេង​។ -​ទម្រង់​ទី​៣៖ ចម្លាក់​ក្រឡោត​ខ្ពស់​លើ​ផ្ទាំង​ថ្ម បង្ហាញ​ពី​ព្រះពុទ្ធ​គង់​ភ្នែន​លើ​បល្ល័ង្ក​នាគ ដោយ​មាន​ព្រះ​លោ​កេ​សូរ​ខាងស្តាំ និង​ព្រះ​នាង​ប្រាជ្ញា​បារមី​នៅ​ខាងឆ្វេង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០០១ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា (Sophia University) នៃ​ប្រទេស​ជប៉ុន បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្តី និង​បាន​រក​ឃើញ​បំណែក​ព្រះ​បដិមា​ចំនួន​២៧៤​បំណែក ។ ក្នុង​នោះ មាន​បំណែក​ចម្លាក់​ចំនួន​២៤​អង្គ ជា​ព្រះ​ភៃ​ស​ជ្យ​គុរុ ។ ក្នុង​ចំណោម​នោះ មាន​ព្រះ​បដិមា​មួយ​អង្គ​មាន​លក្ខណៈ​ពិសេស​លើសគេ ដោយ​មាន​ចម្លាក់​ព្រះ​លោ​កេ​សូរ និង​ព្រះ​នាង​ប្រាជ្ញា​បារមី​អម​សងខាង ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ចម្លាក់​អម​សងខាង​នោះ ត្រូវ​បាន​ខូចខាត​បាត់បង់​រូបរាង ។

ដោយឡែក កាលពី​ខែសីហា ឆ្នាំ​២០១៧ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) ក៏​បាន​ធ្វើ​កំណាយ​នៅ​ប្រាសាទទន្លេស្ងួត ដែល​ជា​សំណង់​មន្ទីរពេទ្យ​បុរាណ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​បាន​រក​ឃើញ​ព្រះ​បដិមា​ភៃ​ស​ជ្យ​គុរុ​ផង​ដែរ​។

បច្ចុប្បន្ន ព្រះ​បដិមា​ភៃ​ស​ជ្យ​គុរុ​ទាំងនោះ ត្រូវ​បាន​ថែរក្សា និង​ដាក់​តាំង​បង្ហាញ​យ៉ាង​យកចិត្តទុកដាក់​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ ដើម្បី​ឱ្យ​សាធារណជន​បាន​ទស្សនា និង​សិក្សា​ស្វែង​យល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ