រាជធានីភ្នំពេញ ៖ រយៈពេកពេញ១ខែកុម្ភៈនេះ មានគ្រោះអគ្គិភ័យបានកើតឡើងជិត១០០ករណី នៅទូទាំងប្រទេស ។ នេះបើយោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី ។
បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះបានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។

ជាមួយគ្នានេះ គ្រោះកាចនេះក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរទុយយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រោងចក្រ១ខ្នង រថយន្ត៣គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
គួរបញ្ជាក់ថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប រតនៈគិរី និងខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ